Alynana Media Cambodia
Icon Collap
clinic narit

ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មី កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ

Admin Alynana | Feb 17, 2022
ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មី កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ
Clinic narith
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យក្រុមការងារមកពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយលោក ម៉េង សាក់ពូសិទ្ធ និងរួមជាមួយនឹងក្រុមការងាររៀបចំគម្រោងកម្មវិធី និងលោកស្រី តំណាងឲ្យសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ហើយនិងធនាគារវិនិយោគសហភាពអ៊ឺរ៉ុប (EIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
 
តំណាងអង្គការ IFAD បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការជំរុញ គាំទ្រ និងលើកទឹកចិត្តគ្រប់បែបយ៉ាងធ្វើឲ្យកម្មវិធី ASPIRE សម្រេចទទួលបានជោគជ័យគួរជាទីមោទន។ ជាក់ស្តែង តាមការសិក្សា និងវាយតម្លៃអំពីប្រសិទ្ធភាពសេដ្ឋកិច្ច សម្រាប់ការវិនិយោគរបស់កម្មវិធី ASPIRE ១ដុល្លារ អ្នកទទួលផល (កសិករទូទាំង ២៣ខេត្ត) បានទទួលចំណូលចំនួន ៦៥ដុល្លារ តារយ:ការលក់ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី ដោយបានអនុវត្តបច្ចេកទេសថ្មី សមស្រប ធន់នឹងការប្រែប្រួលអាការធាតុ ដែលទទួលបានពីកម្មវិធី ASPIRE ដោយធ្វើការចងក្រងបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការអនុវត្ត CamGAP ការប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ការប្រើថ្នាំ ជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតទៅតាមបច្ចេកទេសត្រឹមត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍។
 
274183949_4721664991221697_6277369867307937598_n
 
ឆ្លៀតយកឱកាសនោះ លោកតំណាង IFAD (ប្រចាំកម្ពុជា) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពី បេសកកម្មរបស់ក្រុមការងារមានគោលបំណង ៣ សំខាន់ ៖
១- កម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស (កម្មវិធីការងារនៅកម្ពុជា) សម្រាប់ឆ្នាំ២០២២-២០២៧ (Country Strategy Oppotunities Programme, COSOP)
 
២- កម្មវិធី “ផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយ បរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)។
 
៣- គម្រោងស្តីពីការកសាងសមត្ថភាពបន្សំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា ជំហានទី២ (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia, SRET 2)។
 
លោកបានបញ្ជាក់បន្ថែមថា COSOP នឹងត្រូវធ្វើឲ្យស្របគ្នាជាមួយក្របខ័ណ្ឌគោលនយោបាយថ្មី និងផ្តោតឲ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍវិស័យកសិកម្មឲ្យស្រប គ្នានឹងតម្រូវការក្នុងការធ្វើកសិពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ កម្មវិធី ASPIRE 2 ដែលនឹងគ្រោងអនុវត្តបន្តចាប់ពីឆ្នាំ២០២៣-២០២៧ ដោយផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូច អាចទទួលបានប្រយោជន៍ពីកំណើរផលិតកម្មកសិកម្ម តាមរយ:តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ដោយធានាបានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារតម្រូវ។
 
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះ IFAD ដែលបាននិងកំពុងអនុវត្តកម្មវិធីស្តីពី "ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាស ធាតុ" ហៅកាត់ថា ASPIRE ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេស និងធាតុចូលកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសសមស្របតាមគន្លងប្រក្រតីភាព ថ្មីក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។
 
តាមរយៈកម្មវិធីនេះ បច្ចុប្បន្នយើងឃើញមានហាងលក់បន្លែសុវត្ថិភាពបាននិងកំពុងរីកដុះដាលនៅតាមទីក្រុង ទីប្រជុំជន និងក្នុងសហគមន៍ ដែលភាគ ច្រើនជាផលិតផលបន្លែ ផ្លែឈើ ត្រី មាន់ ផលិតចេញពីសហគមន៍ និងបណ្តុំផលិត ដែលស្ថិតនៅក្រោមជំនួយបច្ចេកទេសពីកម្មវិធី ASPIRE និងអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាន់ថ្នាក់។ ដោយឡែក ចំពោះកម្មវត្ថុទាំង ៣ដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងរង់ចាំផ្តល់កិច្ចសហការធ្វើយ៉ាងណាឲ្យការអនុវត្តកម្មវិធីសម្រេចទទួលបានជោគជ័យទាំងម្ចាស់ជំនួយ រាជរដ្ឋាភិបាល និងអ្នកទទួលផល ផ្ទាល់។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់ដល់ម្ចាស់ជំនួន និងអ្នកអនុវត្តកម្មវិធីផ្ទាល់ថាត្រូវធ្វើយ៉ាងណាឲ្យអ្នកទទួលផលមានសមត្ថភាពគ្រប់គ្រាន់ទាំងការអនុវត្តបច្ចេកទេស និងការនិរន្តរភាពសេដ្ឋកិច្ច ក្រោយពេលកម្មវិធីបានបញ្ចប់។
 
សូមបញ្ជាក់ថា គម្រោងកម្មវិធីនេះបានគ្រោងថវិកាចំនួនជាង ១៥០ លានដុល្លារអាមេរិក ដែលត្រូវចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ២០២៧ ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យមាន ការជួបប្រជុំពិភាក្សាគ្នាដៃគូអភិវឌ្ឍន៍និងក្រុមការងារអនុវត្តន៍គម្រោងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចបាន ធ្វើយ៉ាងណាឲ្យសកម្មភាពរបស់កម្មវិធី ឬក៏កម្មវត្ថុរបស់កម្មវិធីសមស្របទៅតាមតម្រូវការ និងស្ថានភាពសង្គមជាក់ស្តែង (បើអាច ៣ ឬ ៦ខែម្តង)។ ក្នុងករណីចាំបាច់ គម្រោងកម្មវិធីនេះគួរពិនិត្យលទ្ធភាពសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងការផ្តល់ឥណទានដល់សហគ្រាសកែច្នៃកសិផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់មូលនិធិបន្ថែមថ្មីចំនួន ១០០លានដុល្លារ៕
 
274152845_4721664747888388_8982805512058951327_n273878946_4721664797888383_3849253885597870925_n274146601_4721665314554998_6997490886853819452_n273872624_4721665231221673_7431201030146805849_n274212159_4721665117888351_1778506637730318819_n274183949_4721664991221697_6277369867307937598_n274069060_4721665584554971_757472941593805837_n