មីយ៉ាន់ម៉ា៖ មេដឹកនាំស៊ីវិលដែលត្រូវបានបណ្ដេញចេញពីតំណែង របស់សហភាពមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ត្រូវបានរងការចោទប្រកាន់ ពីបទព្រហ្មទណ្ឌថ្មីមួយកាលពីថ្ងៃច័ន្ទ ទី១២ ខែមេសា ស្របពេលដែលការបង្ក្រាបដ៏ចាស់ដៃរបស់រដ្ឋាភិបាលយោធា ទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារនៅតែបន្ត។
ម្ចាស់ជ័យលាភីណូបែល វ័យ ៧៥ឆ្នាំរូបនេះមិនត្រូវបានគេមើលឃើញជាសាធារណៈទេ ចាប់តាំងពីត្រូវបានឃុំខ្លួននៅព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ នៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី និងដណ្ដើមក្ដោបក្ដាប់អំណាច។ ក្រុមឧត្តមសេនីយ៍បានប្រើវិធីកាន់តែឃោរឃៅ ព្យាយាមបញ្ឈប់ចលនាបាតុកម្មដែលកំពុងកើនឡើង ប្រឆាំងនឹងរបបរបស់ពួកគេ ខណៈលោកស្រី Aung San Suu Kyi ប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលអាចនឹងត្រូវបានរារាំងមិនឲ្យកាន់អំណាចអស់មួយជីវិត។
មេធាវីលោក Min Min Soe បានប្រាប់សារព័ត៌មាន AFP បន្ទាប់ពីការកាត់ក្ដីរបស់តុលាការនៅរដ្ឋធានីណៃពិដោ ជាកន្លែងដែលលោកស្រី Suu Kyi បានបង្ហាញខ្លួនតាមវីដេអូថា “លោកស្រីត្រូវបានចោទប្រកាន់ម្ដងទៀតក្រោមមាត្រា ២៥ នៃច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ”។ លោកស្រីត្រូវបានរងការចោទប្រកាន់ចំនួន ៦ករណី រួមទាំងការចោទប្រកាន់ ៥ករណីនៅទីក្រុងណៃពីដោ និង ១ករណីនៅទីក្រុងយ៉ាងហ្គូន៕