រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ (AZ Builder)ជាអ្នកគ្រប់គ្រង ធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ដែលបានពន្យារពេលដាក់ឱ្យដំណើរការអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន កំពង់ផែនេះនឹងដាក់ឱ្យដំណើរការសាកល្បងនៅអំឡុងត្រីមាសទី៣ និងដាក់ឱ្យដំណើរការជាផ្លូវការនៅត្រីមាសទី៤ឆ្នាំនេះ។
នៅទីបំផុតកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ដែលជាប់គាំងក្នុងការដាក់ឱ្យដំណើរការអស់រយៈពេលប្រមាណជាង១ឆ្នាំកន្លងមកនេះ នឹងដាក់ឱ្យដំណើរការសាកល្បងនៅអំឡុងត្រីមាសទី៣ និងដាក់ឱ្យដំណើរការពេញលេញនៅអំឡុងត្រីមាសទី៤ឆ្នាំ២០២៤ នេះ។ គម្រោងដាក់ឱ្យដំណើរការសាកល្បងនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណការនិងដឹកជញ្ជូន ជាសេនាធិការបានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិឱ្យក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ជាអ្នកគ្រប់គ្រង ធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិនេះ កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ។
ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានសុទិដ្ឋិនិយមថា ក្រុមហ៊ុន AZ Builders នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍ របស់ប្រទេសជាតិ និយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។
កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត គឺជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រមួយដ៏សំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្ដាប្រទេសនានា ជាមួយនឹងប្រទេសកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរលេងកម្សាន្តរបស់ភ្ញៀវទេសចររវាងកំពង់ផែនេះ និងតំបន់កោះនានា នៃប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉េង ពោធិ៍នា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត មានតម្លៃវិនិយោគប្រមាណ១០លានដុល្លារ ដែលជាឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង៤ហិកតា ដែលជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា។
ដំបូងឡើយ ដំណើរការសាងសង់កំពង់ផែនេះត្រូវបានគ្រប់គ្រងដោយក្រសួងទេសចរណ៍ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសសំណង់ បានធ្វើឱ្យដំណើរការសាងសង់ត្រូវបានពន្យារពេល។
ឯកឧត្តមបានបន្តថា ដើម្បីជំរុញល្បឿន នៃការសាងសង់កំពង់ផែនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រងលើផ្នែកបច្ចេកទេស ថវិកា និងការងារសាងសង់ ដើម្បីអនុវត្តគម្រោងបន្ត ហើយការសាងសង់ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួចរាល់ជាស្ថាពរ រួមមាន៖ ចំណតនាវា អគាររដ្ឋបាល ស្ថានីយអ្នកដំណើរ អគារបច្ចេកទេស ផ្លូវបេតុងចូលកំពង់ផែប្រវែងជាង២គីឡូម៉ែត្រ បណ្តាញអគ្គិសនី ទឹកស្អាត របង ប៉ុស្តិ៍យាម ផ្លូវក្នុងបរិវេណកំពង់ផែ ចំណតរថយន្ត និងការបំពាក់ឧបករណ៍សម្ភារចាំបាច់មួយចំនួន ដើម្បីធានាដល់ប្រតិបត្តិការរបស់កំពង់ផែ៕