សារព័ត៌មាន Tass បានដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី ដែលបញ្ជាក់ថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២០ខែមេសា យន្តហោះចម្បាំងរុស្ស៊ី បានច្រឡំដៃទម្លាក់គ្រាប់បែកលើទីក្រុង Belgorod របស់ខ្លួន នៅព្រំដែនក្បែរប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យមានការផ្ទុះ និងខូចខាតអគារ។
អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ពីការបំផ្ទុះដ៏ធំមួយនៅក្នុងទីក្រុងនេះ ខណៈអភិបាលក្រុងនិយាយថា ស្ត្រីពីរនាក់បានរងរបួស។
យោងតាមក្រសួងការពារជាតិ, “នៅពេលយន្តហោះល្បឿនលឿនជាងសំឡេង Sukhoi Su-34 របស់កងកម្លាំងអាកាស កំពុងហោះហើរលើទីក្រុង Belgorod មានគ្រាប់បែកបានធ្លាក់ដោយចៃដន្យ”។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងប្រកាសថា ការស៊ើបអង្កេតកំពុងដំណើរការរួចទៅហើយ។
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយនៅលើ Telegram ថា ក្រោយការផ្ទុះ មានរណ្ដៅទទឹង ២០ ម៉ែត្រលើផ្លូវដ៏ធំមួយ។ រថយន្ត៤គ្រឿង និងអគារអាផាតមិនចំនួន ៤បានរងការខូចខាត។
គួរបញ្ជាក់ថា Belgorod គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសរុស្ស៊ី ហើយជាកន្លែងដែលគោលដៅនានាដូចជាដេប៉ូប្រេងឥន្ធនៈ និងឃ្លាំងរំសេវ ត្រូវបានវាយប្រហារដោយការបំផ្ទុះ ចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលទីក្រុងមូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕