លោក Blinken នឹងចូលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ខណៈពេលលោកធ្វើដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G7 នាចុងសប្តាហ៍នេះ នៅរមណីយដ្ឋានភ្នំ Karuizawa របស់ប្រទេសជប៉ុន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស, លោក Blinken នឹងពិភាក្សាអំពីចក្ខុវិស័យរួមនៃទំនាក់ទំនង វិបុលភាព និងសន្តិភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សហរដ្ឋអាមេរិក មានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាម រួមទាំងវិស័យការពារជាតិផងដែរ ដោយប្រទេសទាំងពីរបានឈានដល់ការផ្សះផ្សាគ្នា ថ្វីបើធ្លាប់មានសង្គ្រាមដ៏ជូរចត់ក៏ដោយ។ ទន្ទឹមនេះ វៀតណាម ក៏មានភាពតានតឹងយូរអង្វែងជាមួយចិនផងដែរ។
គួរបញ្ជាក់ថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Blinken ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីការបរទេស៕