ព្រឹត្តិការណ៍កីឡា BRICS Games 2024 នៃប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង និងកិច្ចប្រជុំកំពូលសន្តិភាពដែលរៀបចំឡើងដោយអ៊ុយក្រែន នឹងធ្វើឡើងស្របពេលគ្នានៅក្នុងប្រទេសចំនួន២ផ្សេងគ្នាក្នុងខែមិថុនា នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ដឺមីទ្រី ជើនីសេនកូ (Dmitry Chernyshenko) បានអះអាងថា ៩៧ប្រទេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡា BRICS Games 2024 ដែលនឹងធ្វើឡើងក្នុងប្រទេសរុស្ស៊ី នៅខែមិថុនា នេះ ខណៈរដ្ឋមន្ត្រីព័ត៌មានអ៊ុយក្រែន បានអះអាងថា ជាង១០០ប្រទេសបានត្រៀមចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដែលអ៊ុយក្រែននឹងធ្វើឡើងនៅប្រទសស្វីស ក្នុងខែដដែលនេះ។
លោក ដឺមីទ្រី ជើនីសេនកូ បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា BRICS Games 2024 នឹងត្រូវបានរៀបចំឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងតំបន់កាហ្សាន (Kazan) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា។ លោកបានបន្ថែមថា ពិភពលោកនឹងចោលក្រសែភ្នែកសម្លឹងមើលមកព្រឹត្តិការណ៍កីឡា BRICS 2024 Games នៅក្នុងប្រទេសរុស្ស៊ី ដែលមានវិញ្ញាសាប្រកួតកីឡាចំនួន២០ប្រភេទផ្សេងគ្នា និងដែលមានការចូលរួមពីប្រទេសចំនួន៩៧។
ទន្ទឹមនឹងមានប្រទេសចំនួន៩៧នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡា BRICS Games 2024 ប្រទេសជាង៤០ ក៏កំពុងស្វះស្វែងសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ផងដែរ ហើយគ្រាន់តែក្នុងឆ្នាំ២០២៤ នេះ ប្រទេសថ្មីៗចំនួន៧ទៀតបានបង្ហាញចំណាប់អារម្មណ៍ និងបានដាក់សំណើជាផ្លូវការដើម្បីចូលរួមជាសមាជិករបស់ប្លុកនេះ។
ងាកទៅអ៊ុយក្រែន ឯណោះវិញ រដ្ឋមន្ត្រីព័ត៌មានរបស់អ៊ុយក្រែន លោក សឺហ៊ី នីគីហ្វូរ៉ូ (Serhiy Nikiforov) បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃទី៣ ខែមិថុនា ថា ប្រទេសសរុបចំនួន១០៧ និងអង្គការអន្តរជាតិ មួយចំនួន បានបញ្ជាក់ថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក (Global Peace Summit) ដែលអ៊ុយក្រែន នឹងរៀបចំឡើងនៅប្រទេសស្វីស ចាបពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ដោយគ្មានវត្តមានចូលរួមពីប្រទេសរុស្ស៊ី៕