Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនជប៉ុន Bridgestone គ្រោងកែច្នៃសំបកកង់យានយន្ដសម្រាប់ប្រើប្រាស់ឡើងវិញជាមួយបច្ចេកវិទ្យាថ្មីនៅត្រឹមឆ្នាំ២០៣០

Admin Alynana | Oct 19, 2022
ក្រុមហ៊ុនជប៉ុន Bridgestone គ្រោងកែច្នៃសំបកកង់យានយន្ដសម្រាប់ប្រើប្រាស់ឡើងវិញជាមួយបច្ចេកវិទ្យាថ្មីនៅត្រឹមឆ្នាំ២០៣០
Clinic narith

ក្រុមហ៊ុនជប៉ុន Bridgestone មានផែនការបញ្ចប់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការកែច្នៃសំបកកង់យានយន្តឡើងវិញនៅត្រឹមដើមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបញ្ចេញជាតិកាបូននៅក្នុងខែចង្វាក់ផ្គត់ផ្គង់យានយន្ដ ខណៈគម្រោងស្រាវជ្រាវនេះ ត្រូវចំណាយដល់ជាង ១៣៤លានដុល្លារ។ ហើយនេះគឺជាការព្យាយាមស្វែងរកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងឧស្សហកម្មយានយន្ត បន្ទាប់ពីការជំរុញការផលិតរថយន្តអគ្គិសនី នៅទូទាំងពិភពលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។

ក្រុមហ៊ុនផលិតសំបកកង់ Bridgestone នឹងប្រើប្រាស់នូវការដំណើរការកែច្នៃបែបគីមី បំបែកសារធាតុសំបកកង់ ទៅជាកម្រិតម៉ូលេគុលសម្រាប់ប្រើប្រាស់ឡើងវិញ។

ក្រុមហ៊ុន Bridgestone ជឿជាក់ថា ដំណើរការនេះនឹងអាចកែច្នៃសំបកកង់ឡើងវិញបានប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ ឬស្មើនឹង ១០% នៃសំបកកង់ ដែលត្រូវបានបោះបង់ចោលក្នុងមួយឆ្នាំនៅប្រទេសជប៉ុន។

សូមជម្រាបថា កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនប្រេងជប៉ុន Eneos Holdings។ ចំពោះគម្រោងស្រាវជ្រាវនេះដែរ ក្រុមហ៊ុន Bridgestone នឹងត្រូវចំណាយប្រហែល ១៣៤លានដុល្លារ រហូតដល់ឆ្នាំ២០៣០។

នៅឆ្នាំ២០២៤ ក្រុមហ៊ុននឹងចាប់ផ្តើមសាកល្បងកែច្នៃសំបកកង់ឡើងវិញ ប្រមាណ ២ ទៅ ៣ម៉ឺនតោន ដើម្បីកំណត់រកវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុត ដើម្បីឈានដល់ការកែច្នៃឡើងវិញពេញលេញឱ្យបាននៅត្រឹមឆ្នាំ២០៣០។

យ៉ាងណាមិញ សំបកកង់ដែលកែច្នៃឡើងវិញនេះ នឹងមានតម្លៃថ្លៃជាងសំបកកង់ដែលផលិតថ្មីទៅទៀត ដោយសារក្រុមហ៊ុនត្រូវចំណាយបន្ថែមថ្លៃដើមនៃការកែច្នៃឡើងវិញ ដើម្បីបង្កើនអាយុកាល និងគុណភាពរបស់សំបកកង់។

យោងតាមសមាគមអ្នកផលិតសំបកកង់យានយន្តជប៉ុន ឱ្យដឹងថា សំបកកង់ដែលប្រើប្រាស់រួច ភាគច្រើនបំផុត គឺត្រូវបានដុតកម្ទេចចោល។ គេប៉ាន់ស្មានថា គ្រាន់តែសំបកកង់ធម្មតាមួយ គឺបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ប្រមាណ ៣០០គីឡូក្រាមទៅក្នុងបរិយាកាស។ កាលពីឆ្នាំ ២០២១ ជប៉ុនបានប្រមូលយកចេញនូវសំបកកង់ចំនួន ៩១លានសំបកកង់ ពីរថយន្តដែលបានផ្លាស់ប្តូរសំបកកង់ថ្មី និងរថយន្តខូចៗ។ ក្នុងនោះមានតែ ១លានសំបកកង់ប៉ុណ្ណោះដែលយកទៅកែច្នៃឡើងវិញ។

តម្រូវការប្រើប្រាស់សំបកកង់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងទៀត ដោយទីផ្សារសំបកកង់សកល នឹងឈានដល់ចំនួន ២២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ កើនឡើង ៥០% ពីឆ្នាំ២០២១។ នេះបើរបាយការណ៍របស់ក្រុមហ៊ុនអាមេរិក Report Ocean៕