Alynana Media Cambodia
Icon Collap
clinic narit

តើអ្វីទៅជាមុខងារវិភាជន៍ថវិកា (Budget Allocation) នៅក្នុងប្រព័ន្ធ FMIS

Admin Alynana | Jun 21, 2022
តើអ្វីទៅជាមុខងារវិភាជន៍ថវិកា (Budget Allocation) នៅក្នុងប្រព័ន្ធ FMIS
Clinic narith

អត្ថាធិប្បាយ: កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេស ដែលក្នុងនោះមានដំណាក់កាលមូលដ្ឋានសំខាន់ៗចំនួនបួន (១) បង្កើនភាពជឿទុកចិត្តនៃថវិកា (២) បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (៣) លើកកម្ពស់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង (៤) បង្កើនគណនេយ្យភាពលើសមទ្ធិកម្មការងារ ។

គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានបង្កើតឡើងក្នុងដំណាក់កាលទី២ ដើម្បីដើរតួជាធាតុដ៏សំខាន់មួយក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តគម្រោង  PFMRP ។ ការអនុវត្តគម្រោងប្រព័ន្ធ FMIS ត្រូវបែងចែកជាពីរជំហានធំៗ ដែលក្នុងជំហានទី១នេះ ប្រព័ន្ធ FMIS មានមុខងារ សំខាន់ៗចំនួន៦រួមមាន មុខងារវិភាជន៍ថវិកា (Budget Allocation-BA), មុខងារទិញ (Purchasing-PO), មុខងារគណនីត្រូវសង (Account Payable-AP), មុខងារគណនីត្រូវទារ (Account Receivable-AR), មុខងារគ្រប់គ្រងសាច់ប្រាក់ (Cash Management-CM) និង មុខងារសៀវភៅធំ (General Ledger-GL) ដែលអនុវត្តដោយអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះចំនួន ៧ ធំៗ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  រួមមាន អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, និង អគ្គាធិការដ្ឋាន ។ ទន្ទឹមនឹងនេះ ក្នុងចំណោមមុខងារទាំង ៦ គឺមានមុខងារចំនួន ៥ ក៏ត្រូវបាននិងកំពុងអនុវត្តដោយរតនាគាររាជធានី-ខេត្តទាំង ២៥ ផងដែរ ។

ការរួមបញ្ចូលគ្នានូវមុខងារទាំង៦ របស់ ប្រព័ន្ធ FMIS អនុញ្ញាតឱ្យមន្ត្រីប្រើប្រាស់ប្រព័ន្ធមានលទ្ធភាពទាញយករបាយការណ៍ហិរញ្ញវត្ថុជាច្រើនប្រភេទ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សុក្រឹត, ជឿទុកចិត្តបាន និង ទាន់ពេលវេលា ។

ដោយឡែក មុខងារវិភាជន៍ថវិកា គឺជាមុខងារមួយសម្រាប់ធ្វើការបញ្ចូលថវិកា ដែលអនុម័តដោយសភាជាតិរួចរាល់ទៅក្នុងប្រព័ន្ធ FMIS ។ លើសពីនេះ នៅពេលអនុវត្តថវិកាអ្នកប្រើប្រាស់នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការបន្ថែមឥណទានថវិកា, និយ័តថវិកា, ផ្ទេរថវិកា និង កែតម្រូវថវិកាជាដើម ។ មុខងារនេះ ទាមទារឱ្យមានអ្នកប្រើប្រាស់ស្នូលចំនួន៤ផ្នែកធំៗគឺ អ្នកបញ្ចូលប្រតិបត្តិការ (Transaction entry), អ្នកអនុម័ត ឬ អ្នកបញ្ជាក់ (Approver) និង អ្នកបញ្ជូនប្រតិបត្តិការថវិកា (Posting Officer) និង អ្នកត្រួតពិនិត្យ ឬទាញយករបាយការណ៍ភ្លាមៗ (Query report) និង របាយការណ៍ពីស្ថានភាពថវិកា ជាដើម ។

មុខងារទាំង ៦ របស់ប្រព័ន្ធ FMIS សុទ្ធតែមានតួនាទីសំខាន់ហើយមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកទៅតាមលក្ខណៈបច្ចេកទេស និង មានកម្រិតស្តង់ដារ ។ មុខងារវិភាជន៍ថវិកា មានការពាក់ព័ន្ធជាមួយមុខងារពីរសំខាន់ៗ ទី១.មុខងារការទិញ គឺពាក់ព័ន្ធនៅក្នុងដំណើរការស្នើសុំធានាចំណាយថវិកា និង ទី២. មុខងារគណនីត្រូវសងពាក់ព័ន្ធនៅពេលបញ្ជូនអាណត្តិដើម្បីទូទាត់ចំណាយ ។ ប្រសិនបើពុំមានការបញ្ចូលប្រតិបត្តិការថវិកាក្នុងមុខងារវិភាជន៍ថវិកាក្នុងប្រព័ន្ធនោះទេ មុខងារទាំងពីរនេះគឺពុំអាចប្រើប្រាស់អនុវត្តប្រតិបត្តិការ ឬ កត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រព័ន្ធបានឡើយ ។ និយាយឱ្យសាមញ្ញគឺ ត្រូវមានថវិកា មុននឹងស្នើសុំធានាចំណាយ និង ស្នើសុំទូទាត់ចំណាយ ។

ក្នុងមុខងារវិភាជន៍ថវិកា អាចឱ្យអ្នកប្រើប្រាស់ទាញយករបាយការណ៍បាន ២ ប្រភេទគឺ របាយការណ៍តាមតម្រូវការ និង របាយការណ៍ស្តង់ដារដែលប្រព័ន្ធផ្តល់ជូន៖

  • របាយការណ៍តាមតម្រូវការ គឺ ដែលអាចឱ្យមន្រ្តីប្រើប្រាស់ប្រព័ន្ធដែលមានសិទ្ធិ អាចទាញយករបាយការណ៍ស្ថានភាពថវិកាថ្នាក់ជាតិ ដែលរបាយការណ៍នេះបង្ហាញពីច្បាប់ថវិកា, ការបន្ថែមថវិកា, និយ័តភាពថវិកា, ការផ្ទេរថវិកា និង បង្ហាញពីការអនុវត្តថវិកាមានធានាចំណាយបឋម, ថវិកាធានាចំណាយ និង ថវិកាចំណាយ ព្រមទាំងថវិកានៅសល់ ដោយអាចផ្តល់លទ្ធភាពជ្រើសរើសតាមវិស័យ និង តាមក្រសួងអនុវត្តបាន ។   ចំណែក របាយការណ៍របស់អង្គភាពថ្នាក់ក្រោមជាតិ  វិញ គឺអាចទាញយករបាយការណ៍ចំណូលចំណាយរបស់អង្គភាព ថ្នាក់ក្រោមជាតិ ដែលបង្ហាញពីច្បាប់ហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ, ការផ្ទេរចេញ-ចូលនៃថវិកា និង បង្ហាញពីការអនុវត្តថវិកា (ចំណាយ) ដែលរបាយការណ៍នេះអាចបង្ហាញពីទិន្នន័យនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង មន្ទីរ ។
  • របាយការណ៍ស្តង់ដាររបស់មុខងារនេះ អាចផ្តល់នូវរបាយការណ៍ពីរគឺមានស្ថានភាពថវិកា (Budget status) និង របាយការណ៍ទិន្នានុប្បវត្តិលម្អិត (Ledger detail) ដែលរបាយការណ៍ទាំងពីរនេះបង្ហាញពីថវិកាដែលបានបញ្ចូល, ថវិកាធានាចំណាយបឋម, ថវិកាធានាចំណាយ, ថវិកាចំណាយ និង ថវិកាដែលនៅសល់ ។ ពិសេសជាងនេះ មុខងារនេះ ផ្តល់នូវActivity log ដែលបង្ហាញពីប្រតិបត្តិការថវិកាដែលត្រូវបានត្រួតពិនិត្យរួច និង មិនទាន់ត្រួតពិនិត្យរួច (Budget checking) ។

ប្រភពៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ