(ប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិនបានប្រកាសពីការកើនឡើងការលក់រថយន្តអគ្គិសនីចំនួន ២១ភាគរយនៅត្រីមាសទីពីរ ដោយជួយកាត់បន្ថយគម្លាតចំនួនលក់ជាមួយក្រុមហ៊ុន Tesla បន្ទាប់ពីបានប្រគល់តំណែងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេទៅឱ្យក្រុមហ៊ុន Tesla។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្អែកលើរបាយការណ៍លក់ប្រចាំខែរបស់ក្រុមហ៊ុនបានបង្ហាញថា ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីបានចំនួន ៤២៦ ០៣៩គ្រឿងនៅក្នុងត្រីមាសគិតចាប់ពីខែមេសាដល់ខែមិថុនា។ ចំនួនលក់នេះមានចំនួនតិចជាងការលក់របស់ក្រុមហ៊ុន Tesla ប្រហែល ១២ ០០០គ្រឿង ដែលត្រូវបានប៉ាន់ប្រមាណសម្រាប់ត្រីមាសទីពីរនេះ។
ក្រុមហ៊ុន Tesla ត្រូវបានរំពឹងថានឹងរាយការណ៍ពីការធ្លាក់ចុះការលក់ចំនួន ៦ភាគរយនៅត្រីមាសទី២ ក្នុងឆ្នាំនេះ ពោលគឺជាការធ្លាក់ចុះការលក់ ២ត្រីមាសជាប់គ្នាសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ ដោយសារការប្រកួតប្រជែងដ៏តានតឹងនៅក្នុងប្រទេសចិននិងតម្រូវការទាបដោយសារខ្វះខាតម៉ូដែលថ្មីដែលមានតម្លៃសមរម្យ។
ក្រុមហ៊ុន Tesla អាចនឹងប្រគល់ឋានៈជាក្រុមហ៊ុនលក់រថយន្តអគ្គិនសីច្រើនជាងគេលើពិភពលោកទៅឱ្យក្រុមហ៊ុន BYD វិញបន្ទាប់ពីបានដណ្តើមឋានៈជាជើងឯងនេះនៅត្រីមាសទី១ ប្រសិនបើលទ្ធផលជាក់ស្តែងមានកម្រិតធ្លាក់ចុះខ្លាំងជាងការព្យាករដោយរ៉យទ័រ ដោយសារក្រុមហ៊ុន Barclays បានព្យាករថា ការលក់របស់ក្រុមហ៊ុន Tesla នឹងធ្លាក់ចុះ ១១ភាគរយនៅត្រីមាសទីពីរ ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន Tesla។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕