យោងតាមសារព័ត៌មាន ABC News បានចុះផ្សាយកាលពីម៉ោង ១១.០២នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះបានឱ្យដឹងថា អគ្គីភ័យកំពុងតែលេបត្របាក់ផ្ទះរបស់ប្រជាជនយ៉ាងសន្ធោសន្ធៅប្រមាណជាង ៥,៣០០ខ្នង និងយ៉ាងហោចណាស់អគារ ៦៥ខ្នងផ្សេងទៀតត្រូវបានបំផ្លាញដោយអគ្គីភ័យនេះ។
ប្រភពដដែលបានបន្ថែមទៀតថា ហេតុការណ៍ឆេះព្រៃនេះគឺស្ថិតនៅតំបន់Yucaipa រដ្ឋCalifornia បានបណ្តាលឲ្យមនុស្សជាង២០០នាក់ជាប់គាំងនៅក្នុងតំបន់ព្រៃនិងជួរភ្នំនេះកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។ មិនត្រឹមតែប៉ុណ្ណោះ បានផ្តាច់ចរន្តអគ្គិសនីរបស់ពលរដ្ឋប្រមាណ១សែន៧ម៉ឺននាក់ដែលរស់នៅក្នុងតំបន់នោះផងដែរ។កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមអ្នកពន្លត់អគ្គីភ័យប្រចាំរដ្ឋបានប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្សនិងពន្លត់ភ្លើងឆេះព្រៃដែលឆាបឆេះតំបន់នោះលើផ្ទៃដីទំហំ ១០.៥៧៤ ហិចតា។
គួរបញ្ជាក់ផងដែរថា រដ្ឋCalifornia កំពុងប្រឈមនឹងរដូវភ្លើងឆេះព្រៃដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំជាពិសេសនៅពេលអាកាសធាតុឡើងក្តៅខ្លាំង។គិតត្រឹមខែកញ្ញានេះភ្លើងឆេះព្រៃក្នុងរដ្ឋនេះបានដុតបំផ្លាញតំបន់ដីទំហំប្រមាណ៨ពាន់គីឡូម៉ែត្រការ៉េក្នុងឆ្នាំនេះ៕