ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា រយៈពេល ៤ខែដើមឆ្នាំ២០២២នេះ ពោលគឺចាប់ពីខែមករា ដល់ខែមេសា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៥២គម្រោង មានទុនវិនិយោគប្រមាណ ២,៥០០លានដុល្លារ។
បើតាមរបាយការណ៍ដដែលនេះ កម្ពុជា បានអនុម័តគម្រោងវិនិយោគមានទឹកប្រាក់ប្រមាណ ២,៥០០លានដុល្លារ ទៅលើវិស័យជាច្រើនមុខ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែង ។
គម្រោងវិនិយោគទាំង ៥២គម្រោងនេះ ភាគច្រើនរួមមាន គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការទទួលគម្រោងវិនិយោគថ្មីៗចំនួន៥២ សរុបទុនវិនិយោគប្រមាណ ២,៥០០លានដុល្លារនេះ ជាសញ្ញាមួយដ៏ល្អ សម្រាប់ការវិនិយោគពីបរទេសមកផ្ទាល់ ក៏ដូចជាការចុះបញ្ជីក្រុមហ៊ុនក្នុងស្រុក លើគម្រោងវិនិយោគក្នុងប្រទេសកម្ពុជាធ្វើឲ្យមានការកើនឡើង។
លោកឧកញ៉ា លឹម ហេង បន្តថា ការកើនឡើងនេះ ក្រោយពីមានយុទ្ធសាស្ដ្រដ៏ជោគជ័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីការចាក់វ៉ាក់សាំង និងដំណើរការសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យគ្រប់វិស័យដំណើការបាន និងមានការបន្ធូរបន្ថយការរឹតបន្ដឹង នៃការចូលមកប្រទេសកម្ពុជាផងដែរ។
លោកឧកញ៉ាបន្ថែមទៀតថា កំណើនវិនិយោគមកប្រទេសកម្ពុជានៅតែមានការកើនឡើង ដោយសារការអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (RCEP) លើសពីនោះទៀត កម្ពុជានៅតែមាន EBA ក៏ដូចជា GSP ជាមួយសហគមន៍អឺរ៉ុប, អាមេរិក និងអង់គ្លេស៕