នៅមុននេះបន្ដិច គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន ១០ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត-ក្រុងទាំង៧រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តព្រះសីហនុ ដោយមានទុនសរុបជិត ១៤៦,៤៥ លានដុល្លារ ។ ខណៈគម្រោងទាំងនេះក៏នឹងបង្កើតឱកាសការងារបានរាប់ពាន់កន្លែងផងដែរ នៅពេលបើកដំណើរ។
យោងតាមការចុះផ្សាយពី CDC នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលទទួលបានការអនុម័តឲ្យវិនិយោគគម្រោងទាំង ១០ នេះរួមមាន៖
១. ក្រុមហ៊ុន CAMBODIAN TRANSMISSION II CO., LTD គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
២. ក្រុមហ៊ុន HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ...) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។
៣. ក្រុមហ៊ុន APOLLO PET PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។
៤. ក្រុមហ៊ុន PRIME STORAGE SOLUTION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។
៥. ក្រុមហ៊ុន INTEGRITY UNION PACKAGING MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង។
៦. ក្រុមហ៊ុន NEOCAMBO TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧៥៩កន្លែង។
៧. ក្រុមហ៊ុន FONTERNIG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៦កន្លែង។
៨. ក្រុមហ៊ុន XIANGRUIFENG PACKAGING TECHNOLOGY CO., LTD គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។
៩. ក្រុមហ៊ុន INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៨១កន្លែង។
១០. ក្រុមហ៊ុន HONGRUI BAG (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង៕