ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីប្រទេសចិន ចំនួន ៣,០០០ឈុត បានដឹកមកដល់ប្រទេសកម្ពុជា ហើយត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលហើយនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ឧបករណ៍ពិនិត្យរកមេរោគCOVID-19 ផ្តល់ដោយក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន តាមរយះ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដើម្បីប្រគល់ជូនក្រសួងសុខាភិបាល ក្នុងការប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩កំពុងកើតឡើងក្នុងប្រទេសកម្ពុជា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងក្នុងពេលទទួលឧបករណ៍ទាំងនោះថា ឧបករណ៍នេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី (COVID-19)។
ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលបានផ្តល់ឧបករណ៍ទាំងនេះ ចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់នៅពេលណាដែលមានការផ្ទុះការរាតឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា៕
សូមញ្ជាក់ថា គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺបង្កដោយមេរោគកូវីដ១៩នេះ៕