ក្រុមហ៊ុន China Railway Construction Corporation ឬហៅកាត់ថា CRCC ត្រៀមបោះទុនវិនិយោគ គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត, គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ និងមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក។
នៅក្នុងជំនួនជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក វ៉ាង ជៀនភីង (Wang Jianping) ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខាងលើបានឲ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគនៅកម្ពុជាសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាមេរិក។
លោកបន្ដថា ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖ ទី១. មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, ទី២. គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងទី៣. គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ។
ជាមួយគ្នានេះដែរសម្តេចធិបតី បានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។
ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ គឺ៖ ទី១. ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងទី២. ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ៕