ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងកាលពីថ្ងៃសុក្រទី ១៦ ខែមិថុនាថា ជនសង្ស័យជាង ៥០ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏សាហាវទៅលើសាលាឃុំចំនួនពីរនៅក្នុងខេត្តដាកឡាក់ (Dak Lak) ត្រូវបានចាប់ខ្លួន រួមទាំងមេក្លោងជាច្រើននាក់ផងដែរ។
តំណាងក្រសួងសន្តិសុខសាធារណៈវៀតណាម បានអះអាងថា ជនសង្ស័យភាគច្រើនជាយុវជននៃជនជាតិភាគតិចនៅក្នុងខេត្តសេនត្រល់ ហាយលែន (Central Highlands)។ អ្នកតំណាងរូបនេះបានបន្ថែមថា ជនសង្ស័យបានសារភាពថា ពួកគេត្រូវបានគេញុះញង់ និងបង្ខិតបង្ខំឱ្យធ្វើរឿងទាំងនេះ ដើម្បីជាថ្នូរនឹងការបានទៅរស់នៅក្រៅប្រទេស។មេខ្លោងម្នាក់នៃការវាយប្រហារនេះ ឈ្មោះ វ៉ាយ ថូអេយ៉ុន (Y Tho Ayun) អាយុ ៣៥ឆ្នាំ ត្រូវបានគេហៅក្រៅថា Ama Kzruh បានប្រាប់អាជ្ញាធរថា លោកបានញុះញង់អ្នកភូមិនៅខេត្ត ដាកឡាក់ ឱ្យវាយប្រហារដោយកាំភ្លើងលើសាលាឃុំនៅឃុំអៀគរ (Ea Ktur) និងឃុំអៀទៀវ (Ea Tieu)។
ការវាយប្រហារបានចាប់ផ្តើមនៅម៉ោងប្រហែល ១២ និង៣៥នាទីព្រឹក នៅពេលដែលជនសង្ស័យប្រដាប់អាវុធ ១០ នាក់បានចូលទៅកាន់សាលាឃុំអៀទៀវ។ ក្នុងគ្រានោះ មនុស្សប្រដាប់អាវុធចំនួន៣០នាក់ផ្សេងទៀតបានវាយប្រហារសាលាឃុំអៀគរ ។ ពួកគេបានគំរាមអ្នកបើកឡានដឹកដី និងបង្ខំឱ្យអ្នកបើកឡានរូបនោះបិទផ្លូវ។
បន្ទាប់មក ពួកគេបានគប់ដបសាំងចូលទៅក្នុងឡាន រួចហើយចូលទៅក្នុងការិយាល័យ ហើយបានដុតបំផ្លាញឯកសារ និងឡាន ១ ចោល។គួរឱ្យសង្វេគ មន្ត្រីប៉ូលិសបួននាក់ មន្ត្រីសាលាឃុំពីរនាក់ និងជនស៊ីវិលបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសនេះបានអះអាងថា ខ្លួននឹងដាក់ពង្រាយវិធានការចាំបាច់ទាំងអស់ ដើម្បីវែកមុខជនសង្ស័យផ្សេងទៀតនៅក្នុងការវាយប្រហារដ៏ឃោរឃៅនេះ៕