នៅវេលាម៉ោង ៩ យប់ថ្ងៃព្រហស្បតិ៍ ត្រូវនឹងម៉ោង ៨ ព្រឹកថ្ងៃសុក្រក្នុងប្រទេសកម្ពុជា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នឹងជជែកដេញដោលគ្នាជាលើកចុងក្រោយ មុននឹងថ្ងៃបោះឆ្នោតឈានចូលមកដល់ នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកាខាងមុខនេះ។
ទីកន្លែង៖ ការជជែកដេញដោលនេះ នឹងធ្វើឡើងនៅសាកលវិទ្យាល័យ Belmont ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក។
អ្នកសម្របសម្រួល៖ អ្នកស្រី Kristen Welker អ្នកយកព័ត៌មានឲ្យសារព័ត៌មាន NBC។
ព័ត៌មានទូទៅ៖ ការជជែកដេញដោលនេះនឹងប្រព្រឹត្តឡើងរយៈពេល ៩០នាទី ដោយគ្មានការចាក់ផ្សាយស្ពត់ពាណិជ្ជកម្ម និងការធ្វើសេចក្តីថ្លែងបើកវេទិកាជជែកដេញដោលរវាងបេក្ខជនទាំងពីរឡើយ។ ការជជែកដេញដោលនេះ ត្រូវបានបែងចែកជា ៦ដំណាក់កាល ដែលដំណាក់កាលនីមួយៗមានរយៈពេល ១៥នាទី។
ប្រធានបទ៖ វិបត្តិជំងឺកូវីដ១៩ ជីវភាពរស់នៅរបស់ពលរដ្ឋអាមេរិកាំង បញ្ហារើសអើសជាតិសាសន៍ ការប្រែប្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕