តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើងយ៉ាងខ្លាំង កាលពីថ្ងៃពុធកន្លងទៅ ស្របពេលអ្នកវិនិយោគបានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ទាំងក្រុមហ៊ុន និងនាយកប្រតិបត្តិលោក Elon Musk នឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីការវិលត្រលប់មកកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅក្នុងសេតវិមានវិញ។
តាមការចុះផ្សាយពីសារព័ត៌មាន AP បានបង្ហាញឲ្យដឹងថា ភាគហ៊ុនរបស់ Tesla បានកើនឡើងជាង ១៤% កាលពីថ្ងៃពុធ ខណ:ពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលជាគូប្រជែងផ្សេងទៀត បានធ្លាក់ចុះ។
តម្លៃភាគហ៊ុនក្រុមហ៊ុន Nio ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានធ្លាក់ចុះ ៥,៣% ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញអគ្គិសនី Rivian បានធ្លាក់ចុះជាង ៨% ខណ:ក្រុមហ៊ុន Lucid Group ក៏បានធ្លាក់ចុះ ៥,៣% ផងដែរ។
ជុំវិញការកើនឡើងភាគហ៊ុនរបស់ Telsa នេះ បានកើតឡើងក្រោយលោក ត្រាំ បានយកឈ្នះការប្រជែងប្រកួតក្នុងការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីអាមេរិកអាណត្តិថ្មី ខណ:លោកបានសន្យាថានឹងយកពន្ធបន្ថែមលើការនាំចូលរបស់ប្រទេសចិន ដែលនេះមានន័យថាការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិន នៅសហរដ្ឋអាមេរិក នឹងថយចុះ ក្នុងពេលឆាប់ៗខាងមុខ។
គួរឲ្យដឹងផងដែរថា មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Tesla លោក Musk ត្រូវបានចាត់ទុកថាជាម្ចាស់ជំនួយដ៏ធំបំផុតមួយរបស់លោក ត្រាំ ដោយលោកបានចំណាយទឹកប្រាក់យ៉ាងហោចណាស់ ១១៩លានដុល្លារ ដើម្បីកៀងគរអ្នកគាំទ្រ ឲ្យបោះឆ្នោតជ្រើសរើសបេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះ។
ជម្រាបជូនផងដែរថា បើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Tesla គ្រប់គ្រងការលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ជាមួយចំណែកទីផ្សារសរុបដល់ទៅជិត ៥០% គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ នេះ៕