ក្រុមហ៊ុន Glass Lewis ដែលផ្ដល់ប្រឹក្សាយោបល់ដ៏ល្បីល្បាញមួយបាននិយាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ក្រុមហ៊ុននេះបានណែនាំឱ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនរថយន្តថេស្លា កុំបោះឆ្នោតគាំទ្រប្រាក់បៀវត្សរ៍ចំនួន៥៦ពាន់លានដុល្លារសម្រាប់លោក អេឡិន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុនអាម៉េរិកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
ក្រុមហ៊ុនប្រឹក្សាយោបល់ Glass Lewis បានចេញរបាយការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ដោយបានណែនាំឱ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តថេស្លា កុំឱ្យបោះឆ្នោតគាំទ្រសំណើសុំផ្ដល់ប្រាក់បៀវត្សរ៍ចំនួន៥៦ពាន់លានដុល្លារសម្រាប់លោក អេឡិន ម៉ាស ដោយសារវាជាកិច្ចសន្យាប្រាក់បៀវត្សរ៍ដ៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ។ កញ្ចប់ប្រាក់បៀវត្សរ៍ដែលត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថេស្លានេះ បានរងការរិះគន់ម្តងហើយម្តងទៀតដោយសារតែគេជឿថា វាមានទំនាក់ទំនង ឬក៏ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងមហាសេដ្ឋីអាម៉េរិករូបនេះ។
កញ្ចប់ប្រាប់បៀវត្សរ៍នេះគ្មានប្រាក់ខែ ឬប្រាក់លើកទឹកចិត្តទេ ហើយការកំណត់ប្រាក់រង្វាន់នេះ គឺផ្អែកទៅលើតម្លៃទីផ្សាររបស់ក្រុមហ៊ុនថេស្លា ដែលបានកើនឡើងដល់ទៅ៦៥០ពាន់លានដុល្លាររយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៨មក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃទីផ្សារប្រហែលជាង៥៧១ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន LSEG។
នៅក្នុងបទសម្ភាសមួយនៅក្នុងខែនេះ លោក រ៉ូប៊ីន ដិនហូម (Robyn Denholm) ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថេស្លា បានប្រាប់កាសែត Financial Times ថា លោក ម៉ាស សមតែទទួលបានកញ្ចប់ប្រាក់បៀវត្សរ៍នេះ ព្រោះលោកបានជួយឱ្យក្រុមហ៊ុននេះសម្រេចគោលដៅមហិច្ឆតាសម្រាប់ប្រាក់ចំណូល និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ។
បើតាមគេហទំព័រយុទ្ធនាការបោះឆ្នោតអនឡាញបានបង្ហាញថា លោក ម៉ាស បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនថេស្លា ក្នុងឆ្នាំ២០០៨ ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកបានជួយកែលម្អលទ្ធផលគាប់ប្រសើរដោយនាំឱ្យក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញ១៥ពាន់លានដុល្លារពីការខាតបង់ជាង២ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ និងបានជួយបង្កើនការផលិតរថយន្តចំនួន៧ដងផងដែរ៕