(ចិន)៖ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Hui Ka Yan ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន Evergrande បានធ្លាក់ចុះជិត៩៣% ឯណោះគិតត្រឹមចុងឆ្នាំ២០២៧ ស្របពេលដែលក្រុមហ៊ុនអចលនទ្រព្យយក្សមួយនេះ បានហ៊ុមព័ទ្ធទៅដោយបំណុលវណ្ឌករាប់រយពាន់លានដុល្លារ។ ការស្រកចុះទ្រព្យសម្បត្តិដ៏សម្បើមបំផុត របស់អតីតមហាសេដ្ឋីទីពីរនៅអាស៊ីរូបនេះ បន្ទាប់ពីលោកបានប្រើប្រាស់ទ្រព្យសម្បត្តិដែលរួមមានទាំងផ្ទះ និងយន្តហោះផងនោះ លក់ខ្ទិចខ្ទី ដើម្បីដោះបំណុល និងបញ្ហាចាក់ស្រេះរាប់មិនអស់របស់ក្រុមហ៊ុនលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
មហាសេដ្ឋីចិន លោក Hui Ka Yan បានធ្លាក់ចុះទ្រព្យសម្បត្តិពីចំណុចកំពូល ៤២ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ មកនៅត្រឹមប្រហែល ៣ពាន់លានដុល្លារ តែប៉ុណ្ណោះក្នុងឆ្នាំ២០២២។ ការរអិលធ្លាក់ចុះដ៏លឿននេះ គឺនៅខណៈដែលក្រុមហ៊ុន Evergrande កំពុងជាប់បំណុលវណ្ឌក ដែលក្លាយជាក្រុមហ៊ុនជាប់បំណុលច្រើនបំផុតនៅប្រទេសចិន ដែលមានរហូតដល់ប្រមាណ ៣០០ពាន់លានដុល្លារ។
គួរដឹងថា ក្រុមហ៊ុនដែលជាបេះដូងនៃវិស័យអចលនទ្រព្យរបស់ចិនមួយនេះ បានចាប់ផ្តើមមានបញ្ហារង្គោះរង្គើចាប់តាំងពីឆ្នាំ២០២១មក។ លោក Hui Ka Yan បានប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីដោះស្រាយវិបត្តិរបស់ក្រុមហ៊ុន ដោយរួមមានទាំងការលក់ផ្ទះ និងយន្តហោះឯកជនរបស់លោកផងដែរ។
យ៉ាងណាមិញ ការលក់ទ្រព្យសម្បត្តិទាំងនេះ នៅមិនទាន់គ្រប់គ្រាន់ក្នុងការដោះស្រាយបំណុលនោះទេ ពោលគឺក្រុមហ៊ុន Evergrande បានខកខានមិនបានទូទាត់សងបណ្ណបំណុលដល់អ្នកទិញបណ្ណបំណុលរបស់ខ្លួនកាលពីខែធ្នូឆ្នាំ២០២១។
សូមរំលឹកថា ក្រុមហ៊ុន Evergrande ដែលមានបុគ្គលិកប្រមាណ២០ម៉ឺននាក់ ធ្លាប់ទទួលបានជោគជ័យខ្លាំងក្នុងការលក់អចលនទ្រព្យតម្លៃសរុបជាង១១០ពាន់លានដុល្លារ និងគ្រប់គ្រងការភិវឌ្ឍជាង ១៣០០គម្រោងក្នុងទីក្រុងជាង២៨០។
ក្រុមអ្នកវិភាគ មានការបារម្ភជាយូរមកហើយអំពីការដួលរលំរបស់ក្រុមហ៊ុនយក្សមួយនេះ ដែលអាចបង្កហានិភ័យកាន់តែធ្ងន់ធ្ងរសម្រាប់ទីផ្សារអចលនទ្រព្យរបស់ចិន ខណៈអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធ បានចូលរួមចំណែកប្រហែល ៣០% ឯណោះ នៃ GDP របស់ចិន។ មិនតែប៉ុណ្ណោះ វាក៏នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកដែលបានទិញផ្ទះពីក្រុមហ៊ុននេះ និងប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
យោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិនៃប្រទេសចិនបានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាតួលេខពីរខ្ទង់ឯណោះ ពោលគឺមានដល់១០%ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ ដោយវាគឺជាការធ្លាក់ចុះលើកដំបូងគិតចាប់ពីឆ្នាំ១៩៩៩មក៕