ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រទី១៦ខែមិថុនាថា រាល់យន្តហោះចម្បាំង F-16 ដែលលោកខាងលិចបញ្ជូនទៅកាន់ទីក្រុងកៀវ នឹងត្រូវកម្ទេចចោលដូចរថក្រោះដែលពួកគេបានបញ្ជូនរួចហើយអ៊ីចឹង។
លើសពីនេះ លោកគូសបញ្ជាក់ថា ក្នុងករណីដែលយន្តហោះទាំងនោះ ដាក់មូលដ្ឋាននៅក្រៅប្រទេសអ៊ុយក្រែន នោះអាចនឹងនាំឲ្យមានសង្គ្រាមបើកចំហជាមួយអង្គការណាតូ តែម្តង។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) លោកពូទីន លើកឡើងថា “គ្មានអ្វីត្រូវសង្ស័យឡើយ រថក្រោះកំពុងដុតកម្ទេច។ ក្នុងចំណោមនោះ ក៏មានរថក្រោះខ្លារខិនដែរ។ ដូច្នេះ យន្តហោះ F-16 ក៏នឹងត្រូវដុតកម្ទេចដូចគ្នា”។
លោកពូទីនបន្តថា ក្នុងករណីទីក្រុងកៀវ ទទួលបានយន្តហោះ F-16 ហើយដាក់វានៅឯមូលដ្ឋានខាងក្រៅប្រទេសអ៊ុយក្រែននោះ យើងនឹងត្រូវពិនិត្យមើលពីវិធីសាស្រ្ត និងកន្លែងដែលយើងអាចវាយលុកទ្រព្យសម្បត្តិទាំងនោះបាន។ នេះជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នៃការអូសទាញអង្គការណាតូ ឲ្យចូលក្នុងជម្លោះប្រដាប់អាវុធនេះ។
គួរបញ្ជាក់ជាថ្មី ទីក្រុងកៀវ បានស្នើសុំយន្តហោះ F-16 ម្តងហើយម្តងទៀតពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លើសពីនេះ កងទ័ពអ៊ុយក្រែន ត្រូវបានបង្វឹករួចទៅហើយដើម្បីបើកយន្តហោះចម្បាំងជំនាន់ទី៤នេះ។
ទីក្រុងមូស្គូបានព្រមានអង្គការណាតូម្តងហើយម្តងទៀតថា ការបញ្ជូនសព្វាវុធទៅឲ្យទីក្រុងកៀវ មានតែអូសបន្លាយជម្លោះ និងប្រថុយបង្កការប្រឈមមុខដាក់គ្នាដោយបើកចំហប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទទូចថា ពួកគេមិនមែនជាភាគីនៃអរិភាពនោះទេ ប៉ុន្តែគ្រាន់តែផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រាក់ អាវុធ គ្រាប់រំសេវ សម្ភារ ចារកម្ម និងការណែនាំ ដើម្បីឲ្យទីក្រុងកៀវ យកឈ្នះរុស្ស៊ីប៉ុណ្ណោះ៕