(បរទេស)៖ ទទួលបានដំណឹងមកថា ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook និង Instagram កំពុងរងពាក្យបណ្តឹង និងការផាកពិន័យក្នុងប្រទេសអ៊ីតាលី ចំពោះការបំពានលើខ្លឹមសារហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
អាជ្ញាធរទំនាក់ទំនងអ៊ីតាលី AGCOM ((Autorità per le Garanzie nelle Comunicazioni) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងសប្តាហ៍នេះថា Meta នឹងត្រូវបានផាកពិន័យជាប្រាក់ចំនួន ៦.៤៥លានដុល្លារ បន្ទាប់ពីបានរកឃើញថា មានពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់។
ដោយក្នុងនោះ Meta បានចូលរួមសកម្មទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) មានទាំងរូបភាពភ្នាល់ហេ្គម ការផ្តល់រង្វាន់ជាសាច់ប្រាក់ ហើយថែមទាំងអនុញ្ញាតឱ្យដាក់តាំងរូបភាពល្បែងស៊ីសងនៅលើ Profile ទាំងពីភ្លេតហ្វមរបស់ខ្លួន រួមមានគណនី Facebook និង Instagram ថែមទៀតផង។
យ៉ាងណាមិញជុំវិញការផាកពិន័យចុងក្រោយនេះខាងក្រុមហ៊ុន Meta នៅមិនទាន់ចេញសេចក្តីអត្ថាធិប្បាយណាមួយនៅឡើយនោះទេ។
គួរជម្រាបដែរថា ការដើមខែធ្នូនេះ AGCOM ក៏បានប្រកាសពីការផាកពិន័យសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ YouTube និងកម្មវិធី Twitch របស់ Amazon ផងដែរ។ ដោយក្នុងនោះ YouTube តម្រូវឱ្យបង់ប្រាក់ពិន័យប្រហែលជាង ២លានដុល្លារ និង Twitch ជិត ១លានដុល្លារឯណោះ៕