Alynana Media Cambodia
Icon Collap
clinic narit

FDI គិត​ត្រឹម​ចុង​ត្រីមាស​ទី១ មាន​ទឹកប្រាក់​ជិត $៤៦ ​ពាន់​លាន កើនឡើង ៩%

Media LNN | Jul 20, 2023
FDI គិត​ត្រឹម​ចុង​ត្រីមាស​ទី១ មាន​ទឹកប្រាក់​ជិត $៤៦ ​ពាន់​លាន កើនឡើង ៩%
Clinic narith

ភ្នំពេញៈ ទុនវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា ​(FDI) ​គិត​ត្រឹម​ចុង​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ មាន​ទឹកប្រាក់​ជាង ១៨៥​ ទ្រី​លាន​រៀល កើនឡើង ៩ ​ភាគ​រយ​បើ​ធៀប​ចុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ ក្នុងនោះ​ប្រទេស​ចិន​បាន​គ្របដណ្តប់​ជិត ៤ ៥​ភាគរយ​។ នេះ​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​។​

​ឯកសារ​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ទឹកប្រាក់​នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុ​ជាមាន​ចំនួន​សរុប ១៨៥,៧ ​ទ្រី​លាន​រៀល ​(​ប្រមាណ ៤៥,៨ ​ពាន់​លាន​ដុល្លារ​) កើនឡើង ៩​ ភាគរយ​បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី​១ ឆ្នាំ ​២០២២ ដែល​ប្រទេស​​ចិន​ (​រួមបញ្ចូល​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​)​ បាន​បន្ត​ឈរ​នៅមុខ​គេ ដោយមាន​ទុនវិនិយោគ ៨៣,៥​ ទ្រី​លាន​រៀល​ (២០,៦​ពាន់​លាន​ដុល្លារ​) កើនឡើង ១១,១ ​ភាគរយ​, ប្រទេស​កូរ៉េខាងត្បូង ២២,៤​ ទ្រី​លាន​រៀល (៥,៥​ពាន់​លាន​ដុល្លារ​) កើន ១០,៤ ​ភាគរយ​, សិង្ហ​បុរី ១២,១​ ទ្រី​លាន​រៀល ​(២,៩​ពាន់​លាន​ដុល្លារ​) កើន ៨,៨​ ភាគរយ​, ជប៉ុន ១១,៣ ​ទ្រី​លាន​រៀល (២,៨ ​ពាន់​លាន​ដុល្លារ​) កើនឡើង ១១,៦ ​ភាគរយ​, វៀតណាម ១០,២ ​ទ្រី​លាន​រៀល ​(២,៥​ ពាន់​លាន​ដុល្លារ​) កើន ០,៤ ​ភាគរយ​, ម៉ាឡេស៊ី ៨,៣ ​ទ្រី​លាន​រៀល ​(២,០៤​ពាន់​លាន​ដុល្លារ កើន ៥ ​ភាគរយ​, ថៃ ៧,៨ ​ទ្រី​លាន​រៀល ​(១,៩២​ពាន់​លាន​ដុល្លារ​) កើន ៤,៥ ​ភាគរយ​, ចក្រភព​អង់គ្លេស ៦,១ ​ទ្រី​លាន​រៀល (១,៥​ពាន់​លាន​ដុល្លារ​) កើន ៦,២​ ភាគរយ និង​ប្រទេស​ផ្សេងៗ​ទៀត ២៤ ​ទ្រី​លាន​រៀល ​(៥,៩១​ពាន់​លាន​ដុល្លារ​) កើន ៧,៣​ ភាគរយ​។​

​ដោយឡែក​បើ​ធ្វើការ​បែងចែក​តាម​វិស័យ គឺ​វិស័យ​ហិរញ្ញវត្ថុ ទទួលបាន​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើនជាងគេ ដោយមាន​ប្រាក់ ៤៣,៨​ ទ្រី​លាន​រៀល ស្មើ ២៣,៥៨​ ភាគរយ​នៃ​ចំណែក​សរុប​, វិស័យ​កម្មន្តសាល ៣៩,២ ទ្រី​លាន​រៀល ស្មើនឹង ២១,១​ភាគរយ​, អចលនទ្រព្យ ២១,៥​ទ្រី​លាន​រៀល ស្មើ ១១,៥៧ ​ភាគរយ​, សណ្ឋាគារ និង​ភោជនីយដ្ឋាន ១៩,១ ​ទ្រី​លាន​រៀល​ស្មើនឹង ១០,២៨ ​ភាគរយ​, កសិកម្ម ១៧,៧ ​ទ្រី​លាន​រៀល ស្មើ ៩,៥៣ ​ភាគ​រយ​, វា​រី​អគ្គិសនី ១១,៧ ​ទ្រី​លាន​រៀល ស្មើ ៦,៣​ ភាគរយ​, សំណង់ ៩,៨ ​ទ្រី​​លាន​រៀល ស្មើ ៥,២៧​ ភាគរយ និង​វិស័យ​ផ្សេងៗ​ទៀត ២២,៩ ​ទ្រី​លាន​រៀល ស្មើ ១២,៣៣ ​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៦ ខែកក្កដា​ថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ពេលនេះ​មិនទាន់​មានដំណើរ​ការល្អ ប៉ុន្តែ​កម្ពុជា​នៅតែមាន​សក្តានុពល​អាច​ទាក់​ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។

ការ​ស្រូប​បាន​គម្រោង​វិនិយោគ​ពី​បរទេស​នៅពេលនេះ គឺ​ដោយសារ​ភាពល្អប្រសើរ​នៃ​កត្តា​ខាងក្នុង និង​ខាងក្រៅ​។ លោក​បន្ថែមថា កត្តា​ខាងក្នុង​សំដៅ​ដល់​ស្ថិរ​ភាព​នយោបាយ កម្លាំង​ពលកម្ម​ជំនាញ ប្រព័ន្ធ​ដឹកជញ្ជូន និង​ប្រព័ន្ធ​ច្បាប់​វិ​និ​យោគ​ជាដើម ខណៈ​កត្តា​ខាងក្រៅ​គឺជា​ការបង្កើត​ទីផ្សារ​អន្តរជាតិ​ថ្មីៗ ព្រម​​ទាំង​ការសម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ធំៗ​លើ​ពិភពលោក ព្រមទាំង​ទទួលបាន​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​សម្រាប់​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​

 

​លោក​លើកឡើង​ទៀតថា​៖ «​ជាមួយនឹង​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​​កម្ពុជា​ដូច​ពេលនេះ ខ្ញុំ​មាន​ជំ​ជឿ​យ៉ាង​មុតមាំ​ថា ការបណ្តាក់ទុន​របស់​វិ​និ​យោ​គិ​នប​រទេស​នៅ​កម្ពុជា​នឹង​កាន់​តែមាន​សម្ទុះ​លឿន​ថែមទៀត​នៅពេល​សេដ្ឋ​កិច្ច​ពិភពលោក​ល្អ​ឡើងវិញ ពិសេស​នៅពេល​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវបាន​បញ្ចប់​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ​(FDI) គឺ​សំដៅ​ដល់​ការ​វិ​និ​យោគ​ដែលមាន​ម្ចាស់​ជា​ជនបរទេស តាមរយៈ​ការ​មក​បណ្តាក់ទុន​លើ​ការ​សាងសង់​រោងចក្រ សហគ្រាស​ឬ​បើក​អាជីវកម្ម​នៅ​កម្ពុជា​។ សម្រាប់​កំណើន​ជិត ១០​ ភាគរយ​ខាងលើ គឺអាច​ចាត់​​ទុកជា​រឿង​វិជ្ជមាន​ខ្លាំង​សម្រាប់​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុងដំណាក់កាល​នេះ ព្រោះ​វិបត្តិ​នយោបាយ​សកល​ដែល​កំពុង​កើតមាន​នាពេលនេះ គឺ​ធ្វើឱ្យ​គម្រោង​វិនិយោគ​ជាច្រើន​ត្រូវបាន​ផ្អាក ពន្យារ​ពេល ឬ​លុបចោល​។​

​លោក​បញ្ជាក់ថា​៖ «​កំណើន ៩ ​ភាគ​រយ​ក្នុងដំណាក់កាល​ដែល​កំណើន​សេដ្ឋកិច្ចពិភពលោក​មិន​រឹងមាំ​នេះ គឺ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ ដោយ​វា​សុទ្ធតែ​កើតចេញពី​ការខិតខំ​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់​សំដៅ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការវិនិយោគ​»​។​

​ទាក់ទង​នឹង​ទឹកប្រាក់​វិនិយោគ​របស់​ចិន​ដែលមាន​ចំនួន​ច្រើនជាងគេ លោក វណ្ណៈ បាន​អះអាងថា ដោយសារ​រដ្ឋា​ភិ​បាល និង​ប្រជាជន​ប្រទេស​ទាំង ​២ មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ហើយ​ប្រទេស​ចិន ក៏​ជា​ប្រភព​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​ផលិត ឬ​កែច្នៃ​នៅ​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

​លោក​ប្រាប់ថា​៖ «​លក្ខណៈ​អំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ និង​ទំនាក់​ទំ​នង​ល្អ​ផ្នែក​ការទូត នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ការបណ្តាក់ទុន​ពី​បរទេស​កាន់តែច្រើន​ថែមទៀត ពិសេស​ពី​ប្រទេស​ចិន​»​។​

​អគ្គនាយកដ្ឋាន​គយបានឱ្យដឹងថា ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ មានទឹក​ប្រាក់​សរុប ២៣ ៦៩៣,៦៦ ​លាន​ដុ​ល្លារ ធ្លាក់ចុះ ១៣ ​ភាគរយ​ដោយ​ក្នុងនោះ​កម្ពុជា​នាំទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ទឹកប្រាក់​សរុប ១១ ៤៦៤,៤៨ លាន​ដុល្លារ កើនឡើង ០,៧៥ ​ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល មាន​ចំនួន ១២ ២២៩,១៨​ លាន​ដុល្លារ ធ្លាក់ចុះ ២២,៩​ ភាគរយ​៕