ភ្នំពេញ: ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) បញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ខណ:ដែលការងារសាងសង់ព្រលានយន្តហោះតេជោក្រុងតាខ្មៅមានល្បឿនទៅមុខ។
គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុនCCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២២ខែមេសា បានបង្ហាញលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibilty Study) នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដល់ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន។
យោងតាមបណ្តាញសង្គមរបស់ក្រសួងសាធារណការនិងដឹងជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថាផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេ បាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។
លោក ស៊ុន ចាន់ថុល បានកត់សម្គាល់ផងដែរថា គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹក និងភ័ស្តុភារកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជាឱ្យមានការតភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមាន៖ ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្ដានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ៕