យ៉េមែន៖ ជុំវិញប្រតិបត្តិការបោសសម្អាតប្រេងកំពប់ចេញពីនាវាស្តុកប្រេងខ្នាតយក្សមួយគ្រឿងស្ថិតនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសយ៉េមែន ក្រុមអ្នកជំនាញរបស់ស្ថាប័នអង្គការសហប្រជាជាតិ (អ.ស.ប) ដែលកំពុងដឹកនាំប្រតិបត្តិការបានបញ្ជាក់ឱ្យដឹងថា ដំណើរការផ្ទេរប្រេងកំពប់ចេញពីកប៉ាល់ដ៏ធំមួយនេះ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ក្រោយពីបានបញ្ចប់ការវាយតម្លៃធានារ៉ាប់រងផ្នែកសុវត្ថិភាពរួចមក។
គួរបញ្ជាក់ដែរថា មន្រ្តីអង្គការសហប្រជាជាតិធ្លាប់បានព្រមានជាយូរឆ្នាំ អំពីលទ្ធភាពដែលកប៉ាល់ដឹកប្រេងខ្នាតយក្ស FSO Safer អាចនឹងបាក់បែកដោយសារតែភាពសឹករិចរិល និងបង្កឱ្យមានការលិចធ្លាយប្រេងចេញមកក្រៅកាន់តែច្រើន ឬក៏អាចផ្ទុះឆេះទាំងស្រុងនៅថ្ងៃណាមួយក៏ថាបាន ក្រោយពីគេបានបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំដោយសារតែវិបត្តិសង្គ្រាមនៅក្នុងប្រទេសយ៉េមែន។
បើយោងតាមភ្នាក់ងារកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNDP) បានលើកឡើងថា ការវាយតម្លៃធានារ៉ាប់រងលើបញ្ហាសុវត្ថិភាព គឺជាកត្តាមួយដ៏សំខាន់សម្រាប់ចាប់ផ្តើមដំណើរការផ្ទេរប្រេងកំពប់ចេញពីកប៉ាល់មួយនេះបាន ។
នៅក្នុងប្រតិបត្តិការបោសសម្អាតប្រេងកំពប់នេះដែរ ទីភ្នាក់ងារ (UNDP) បានចាត់តាំងក្រុមហ៊ុនឯកទេសឧស្សាហកម្ម Howden របស់ប្រទេសស្កុតឡែន សម្រាប់ជាឈ្មួញកណ្តាលនៅក្នុងកិច្ចការវាយតម្លៃធានារ៉ាប់រងទៅលើហានិភ័យដែលអាចកើតឡើងជាយថាហេតុ និងដើម្បីមើលការខុសត្រូវផ្ទាល់ទៅលើដំណើរផ្ទេរប្រេងកំពប់ចេញពីកប៉ាល់ផងដែរ។
សូមរំលឹកថា ប្រទេសយ៉េមែនបានធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាមស៊ីវិលរវាងក្រុមអតីតរដ្ឋាភិបាលស្របច្បាប់គាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត និងពួកឧទ្ទាមហូទី (Houthi) គាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់តាំងតែពីឆ្នាំ២០១៤ ជាហេតុបណ្តាលឱ្យគេសម្រេចទុកកប៉ាល់ដឹកប្រេងចោលអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងដែនទឹកសមុទ្រក្រហមរបស់ប្រទេសយ៉េមែន ៕