កិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ដែលនឹងត្រូវរៀបចំធ្វើនៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី នាសប្ដាហ៍ក្រោយនេះ នឹងមិនមានវត្តមានលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ចូលរួមនោះឡើយ។ នេះបើតាមការគូសបញ្ជាក់ជាផ្លូវការពីមន្ដ្រីឥណ្ឌូនេស៊ីនិងមន្ដ្រីរុស្ស៊ី នាថ្ងៃព្រហស្បតិ៍ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។ បើទោះបីជាមិនបានចូលរួមដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែប្រភពពីអ្នករៀបចំកម្មវិធីប្រជុំកំពូល G20 បានគូសបញ្ជាក់ថា លោកប្រធានាធិបតីពូទីន នឹងចូលរួមកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ។ ចំណែកការចូលរួមដោយផ្ទាល់ រដ្ឋាភិបាលរុស្ស៊ីបានចាត់លោករដ្ឋមន្ដ្រីការបរទេសរុស្ស៊ី សឺហ្គេឡាវរ៉ូវ ឱ្យចូលរួមកិច្ចប្រជុំនេះជំនួសលោក ពូទីន។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 នាឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីបានច្រានចោលការទទូចរបស់ក្រុមប្រទេសលោកខាងលិច ក៏ដូចជាប្រទេសអ៊ុយក្រែន ដែលមិនចង់ឱ្យឥណ្ឌូនេស៊ីអញ្ជើញលោក ពូទីន ចូលរួមកិច្ចប្រជុំនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានផងដែរ ការទទូចឱ្យបណ្ដេញរុស្ស៊ីចេញពីក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ ជាការទទូចដែលឥណ្ឌូនេស៊ីច្រានចោលដូចគ្នាដែរ ដោយសំអាងហេតុថា ខ្លួនពុំមានសិទ្ធិអំណាចដើម្បីបណ្ដេញរុស្ស៊ីចេញពីសមាជិកភាពក្រុមប្រទេស G20 ឡើយ ប្រសិនបើគ្មានការឯកភាពកុងសង់ស៊ីសក្នុងចំណោមសមាជិកទាំងអស់ទេនោះ។
អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូនេ ស៊ីបានបញ្ជាក់ថា លោក ពូទីន នឹងមិនចូលរួមក្នុងជំនួបកំពូល G20 នេះទេ ហើយក៏មិនបានផ្តល់ការពន្យល់ណាមួយបន្ថែមដែរ។
មុនកិច្ចប្រជុំកំពូល G20 ចូលមកដល់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបន្តព្យាយាមផ្សះផ្សាភាពប្រេះស្រាំនៃភូមិសាស្ត្រនយោបាយរវាងមហាអំណាចនៅក្នុងក្រុមប្រទេស G20។
ក្រុមប្រទេស G20 ដែលបានព្រមានថានឹងដើរចេញពីកិច្ចប្រជុំ និងធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនេះឡើយ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ជាការឈ្លានពានដែលរុស្ស៊ីបន្តហៅថាជា «ប្រតិបត្តិការយោធាពិសេស»។
សម្រាប់មេដឹកនាំឥណ្ឌូនេស៊ី កិច្ចប្រជុំ G20 មិនមែនជាវេទិកានយោបាយទេ។ របៀបវារៈនៃកិច្ចប្រជុំនេះ គឺបញ្ហាសេដ្ឋកិច្ចនិងការអភិវឌ្ឍ។ នេះបើតាមការគូសបញ្ជាក់របស់លោក វីដូដូ។
គួរកត់សម្គាល់ដែរថា ឥណ្ឌូនេស៊ីក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេឡេនស្គី ឱ្យចូលរួមផងដែរ ប៉ុន្តែលោក ហ្សេឡេនស្គី អះអាងថា លោកនឹងមិនចូលរួមកិច្ចប្រជុំនេះឡើយ ប្រសិនបើលោក ពូទីន ចូលរួមកិច្ចប្រជុំនេះដែរ។ ក្រៅពីមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន មេដឹកនាំពិភពលោកមួយចំនួនទៀត បានបញ្ជាក់អំពីការចូលរួមកិច្ចប្រជុំកំពូលដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែវិច្ឆិកា សប្ដាហ៍ក្រោយ ក្នុងនោះរួមមានលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងលោកប្រធានាធិបតីចិន ស៊ី ជីនភីង ជាដើម៕