ភ្នំពេញ៖ យោងតាមសារាចរស្ដីពី ការរៀបចំផែនការយុទ្ធសាស្រ្ដថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជារំពឹងថានឹងទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេស បន្ដងើបឡើងក្នុងរង្វង់ ១១.៨%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស-GDP) ក្នុងឆ្នាំ២០២៣នេះ និង១១.៧% នៃផ.ស.ស ក្នុងឆ្នាំ២០២៤ ដោយសារតែការបន្តងើបឡើងនៃទំនុកចិត្តវិនិយោគ និងបរិយាកាសវិនិយោគកាន់តែអំណោយផលរបស់កម្ពុជា។
សារាចររបស់រាជរដ្ឋាភិបាលបានឲ្យដឹងដូច្នេះថា “រំហូរវិនិយោគផ្ទាល់ពីបរទេសត្រូវបានរំពឹងថា នឹងបន្តងើបឡើងក្នុងរង្វង់១១.៨ភាគរយនៃ ផ.ស.ស. សម្រាប់ឆ្នាំ២០២៣ និងក្នុងរង្វង់១១.៧ភាគរយនៃផ.ស.ស. សម្រាប់ឆ្នាំ២០២៤ ដោយសារការបន្តងើបឡើង នៃទំនុកចិត្តវិនិយោគក្នុងបរិការណ៍នៃ ការផ្លាស់ប្ដូរកាន់តែលឿននៃខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់សកល ជាមួយនឹងបរិយាកាសវិនិយោគកាន់តែអំណោយផលរបស់កម្ពុជា”។
ក្រៅពីភាពល្អប្រសើរទាំងនេះ វិនិយោគិនក៏ទទួលបាននៅអត្ថប្រយោជន៍ជាច្រើន ដោយសារការដាក់ចេញ និងអនុវត្តនូវច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងការបន្តធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងមុតស្រួច ពិសេសការកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច។
កត្តាទាំងនេះបង្ហាញជាលទ្ធផលយ៉ាងច្បាស់ថា ទុនបម្រុងអន្តរជាតិសរុបត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងដល់ប្រមាណ ១៨ ៦៩២លានដុល្លារ ដែលធានាការនាំចូលបានប្រមាណ ៦.៦ខែ សម្រាប់ឆ្នាំ២០២៣ និងដល់ប្រមាណ ១៩ ៩១៣ លានដុល្លារ ដែលធានាការនាំចូលបានប្រមាណ ៦.៣ខែ សម្រាប់ឆ្នាំ ២០២៤។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគ សរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគ ៤ ០៣២លានដុល្លារអាមេរិក ក្នុងនោះក្នុងស្រុកក្រោបយកចំណែកជាង ៥៣ភាគរយហើយក្រៅពីនោះជាគម្រោងបរទេស ដែលមានចិន ជប៉ុន ថៃ កូរ៉េជាដើម៕