ប្រាក់ដុល្លារនៅតែបន្តឡើងថ្លៃជាមធ្យមប្រហែល ១,៦ភាគរយបើគិតចាប់ពីដើមឆ្នាំមកទល់ខែវិច្ឆិកានេះ បន្ទាប់ពីសេដ្ឋកិច្ចអាម៉េរិកចាប់ផ្តើមប្រសើរឡើង ។ នេះបើតាមការវាយតម្លៃរបស់ធនាគារ Goldman Sachs។
យោងតាម Bloomberg ដែលស្រង់របាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន Goldman Sachs Group Inc. ទស្សនវិស័យសម្រាប់ប្រាក់ដុល្លារនៅឆ្នាំ ២០២៤ គ្មានភាពច្បាស់លាស់ទេ ខណៈសេដ្ឋកិច្ចអាម៉េរិកចាប់ផ្តើមងើបឡើងវិញ។ គិតចាប់ពីដើមឆ្នាំមកដល់ខែវិច្ឆិកា ប្រាក់ដុល្លារបានកើនឡើងប្រហែល ១,៦ភាគរយ ។
ការកើនឡើងនៃប្រាក់ដុល្លារ កំពុងដាក់សម្ពាធដល់ធនាគារកណ្តាលអាម៉េរិក (Fed) ដែលព្យាយាមដំឡើងអត្រាការប្រាក់ ដើម្បីរារាំងសកម្មភាពចាយប្រាក់ក្នុងគោលបំណងទប់ស្កាត់អតិផរណាដែលស្ថិតនៅកម្រិតខ្ពស់ ។
យ៉ាងណាមិញ បើតាមអ្នកយុទ្ធសាស្រ្តរបស់ Goldman Sachs សន្ទុះនៃកំណើនសេដ្ឋកិច្ចអាម៉េរិក ជាមួយទិន្នផលមូលបត្របំណុលរបស់ដ្ឋាភិបាលខ្ពស់ នឹងគាំទ្រដល់ការវាយតម្លៃនៃប្រាក់ដុល្លារសារជាថ្មី។
ជាមួយគ្នានេះ ក្រុមហ៊ុន Goldman Sachs ក៏អះអាងថា ការឡើងថ្លៃនៃប្រាក់ដុល្លារក្នុងរយៈពេលវែង នឹងបង្កហានិភ័យដល់សេដ្ឋកិច្ចដទៃទៀត ប្រសិនបើប្រទេសទាំងនោះមិនអាចទប់ទល់នឹងកម្រិតនៃការរឹតបន្តឹងអត្រាការប្រាក់របស់អាម៉េរិក។
បើតាមអ្នកជំនាញ Goldman Sachs ការកើនឡើងអត្រាប្តូរប្រាក់អឺរ៉ូពីប្រមាណ ១,០៧ដុល្លារសម្រាប់ ១អឺរ៉ូនាពេលនេះ ដល់ ១,១ដុល្លារសម្រាប់ ១អឺរ៉ូនៅឆ្នាំក្រោយគឺពិបាកនឹងអាចទៅរួចណាស់។
ចំណែកប្រាក់យ៉េន ទីផ្សារកំពុងបង្ហាញពីការខកចិត្តជុំវិញគោលនយោបាយរូបិយវត្ថុរបស់ជប៉ុន។ ក្រុមហ៊ុន Goldman ព្យាករថា ប្រាក់យ៉េននឹងធ្លាក់ចុះពីប្រហែល ១៥២យ៉េនក្នុងមួយដុល្លារនៅនាពេលនេះ មកត្រឹម ១៥៥យ៉េនក្នុងមួយដុល្លារនៅ៦ខែខាងមុខ។ ធនាគារបានកត់សម្គាល់ថា ប្រាក់យ៉េនទំនងជាមិនអាចទប់ទល់នឹងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចបាននោះទេ៕