ប្រភពច្បាស់ការមួយចំនួនបានបង្ហើបឱ្យដឹងថា Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ធំបំផុតមួយរបស់សហរដ្ឋអាម៉េរិក កំពុងថ្លឹងថ្លែង និងសិក្សាលទ្ធភាពវិនិយោគបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម។ មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ថាមពលអគ្គីសនីមានទំហំប៉ុនទីក្រុងមួយ ដែលមានទំហំរហូតដល់៥០មេហ្គាវ៉ាត់នៅក្នុងមួយឆ្នាំហើយមានតម្លៃវិនិយោគចន្លោះពី៣00លានដុល្លារ ទៅ៦៥០លានដុល្លារ។
សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយថា Google របស់ក្រុមហ៊ុន Alphabet កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយនៅជិតទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មភាគត្បូងរបស់ប្រទេសវៀតណាម។ បុគ្គលម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបថា ផែនការនេះអាចនឹងក្លាយជាការវិនិយោគលើកដំបូងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកមួយនេះនៅតំបន់អាស៊ីអាគ្នេយ៍។
មកដល់ពេលនេះព័ត៌មានលម្អិតពាក់ព័ន្ធនឹងគម្រោងនេះមិនទាន់ត្រូវបានភាគីណាមួយបញ្ចេញនៅឡើយទេ ដោយគ្រាន់តែធ្លាយដំណឹងមកថា គម្រោងនេះអាចនឹងលេចចេញរូចរាងនៅក្នុងរង្វង់ឆ្នាំ២០២៧ ខាងមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ Google បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យនេះ។
យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលទិន្នន័យព័ត៌មានវិទ្យា ដែលគេឱ្យឈ្មោះថា Hyperscale នេះគ្រោងនឹងប្រើប្រាស់ថាមពលប៉ុនទីក្រុងធំមួយ ដែលមានទំហំរហូតដល់៥០មេហ្គាវ៉ាត់ និងអាចមានតម្លៃវិនិយោគចន្លោះពី៣០០លានដុល្លារ ទៅ៦៥០លានដុល្លារ។ វៀតណាមត្រូវបានគេដឹងថា ជាប្រទេសដែលប្រកាន់របបកុម្មុយនីស្ត ប៉ុន្តែពលរដ្ឋនៅក្នុងប្រទេសអាចប្រើប្រាស់សេវាកម្មបច្ចេកវិទ្យាព័ត៌មានមកពីជុំវិញពិភពលោក ដោយរួមទាំង Google ផងដែរ។
ក្រៅពីក្រុមហ៊ុន google សារព័ត៌មាន Nikkei បានរាយការណ៍កាលពីខែឧសភា ថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន Alibaba កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសវៀតណាម ផងដែរ។ នៅពេលនេះមជ្ឈមណ្ឌលគ្រប់គ្រងមូលដ្ឋានទិន្នន័យធំបំផុតរបស់អាស៊ាន គឺសិង្ហបុរី ម៉ាឡេស៊ី និងថៃ ខណៈវៀតណាមកំពុងមានបញ្ហាជាឧបសគ្គបន្តិចពាក់ព័ន្ធកង្វះថាមពល និងអ្នកបច្ចេកទេស៕