
Google របស់ក្រុមហ៊ុន Alphabet បានចាញ់ក្នុងការប្ដឹងតវ៉ាជំទាស់នឹងការផាកពិន័យចំនួន ២,៤២ពាន់លានអឺរ៉ូ (២,៧ពាន់លានដុល្លារ) ដែលធ្វើឡើងដោយនិយតករប្រឆាំងទំនុកចិត្តរបស់សហភាពអឺរ៉ុប (EU) កាលពី ៧ឆ្នាំមុន ជាការផាកពិន័យមួយ ក្នុងចំណោមការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំនួន ៣ករណី ដែលបានដាក់ចេញចំពោះក្រុមហ៊ុននេះ ជុំវិញការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងផ្សេងៗ។
គណៈកម្មការអឺរ៉ុប បានដាក់ពិន័យម៉ាស៊ីនស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ពេញនិយមបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទិញទំនិញប្រៀបធៀបតម្លៃផ្ទាល់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍មិនយុត្តិធម៌ លើគូប្រជែងដែលតូចជាងខ្លួន នៅតំបន់អឺរ៉ុប។
តុលាការជាន់ទាប បានអនុម័តគាំទ្រសេចក្តីសម្រេចរបស់ស្ថាប័នអនុវត្តច្បាប់ការប្រកួតប្រជែងរបស់ EU ក្នុងឆ្នាំ២០២១ ដែលជំរុញឲ្យក្រុម Google ប្តឹងឧទ្ធរណ៍ទៅតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (CJEU) ដែលមានមូលដ្ឋាននៅប្រទេសលុចសំបួ។
ចៅក្រមរបស់ CJEU បានកត់សម្គាល់ថា ច្បាប់របស់ EU មិនដាក់ទណ្ឌកម្មចំពោះវត្តមាននៃឋានៈលេចធ្លោរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែដាក់ទណ្ឌកម្មចំពោះការយកប្រៀបដោយបំពានរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Google បានកើនទឹកប្រាក់ដល់ ៨,២៥ពាន់លានអឺរ៉ូ នៅក្នុងការផាកពិន័យ ពាក់ព័ន្ធនឹងករណីប្រឆាំងនឹងទំនុកចិត្តរបស់ EU ក្នុងទសវត្សរ៍ចុងក្រោយនេះ។ ក្រុមហ៊ុនបានជំទាស់នឹងសេចក្តីសម្រេចចំនួន ២ ដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការទូរសព្ទ Android និងសេវាកម្មផ្សាយពាណិជ្ជកម្ម AdSense របស់ខ្លួន ហើយឥឡូវនេះកំពុងរង់ចាំការវិនិច្ឆ័យ៕