(បរទេស)៖ អតីតវិស្វករផ្នែក Software ម្នាក់របស់ក្រុមហ៊ុនយក្ស Google ត្រូវបានចោទប្រកាន់ ពីបទ លួចអាថ៌កំបាំងពាណិជ្ជកម្មក្រុមហ៊ុន អំពីបញ្ញាសិប្បនិមិត្ត (AI) និងសំងំធ្វើការដោយសម្ងាត់ឱ្យក្រុមហ៊ុនចិនចំនួនពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
អតីតបុគ្គលិករូបនោះមានឈ្មោះថា Linwei Ding ដែលត្រូវបានគេស្គាល់ជាទូទៅថា Leon Ding ត្រូវបានចោទប្រកាន់នៅរដ្ឋកាលីហ្វ័រញ៉ា ក្រោមបទចោទប្រកាន់ចំនួនបួនករណី ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធកន្លងទៅនេះ។ បុរសជនជាតិចិនរូបនេះ ត្រូវបានចោទប្រកាន់ថាបានលួចឯកសារសម្ងាត់ជាង ៥០០ ច្បាប់។ ប្រសិនបើ រូបគេត្រូវបានកាត់ទោស គឹអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥០,០០០ដុល្លារ។
តាមរបាយការណ៍ក្នុងពាក្យបណ្តឹងបានចោទប្រកាន់ លោក Leon Ding ថាបានលួចឯកសារនានាទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលទិន្នន័យទំនើបរបស់ Google ដែលត្រូវបានប្រើដើម្បីរៀបចំ និងបណ្តុះបណ្តាលគំរូ AI ធំៗ។ ទន្ទឹមនឹងនេះដែរ លោកត្រូវបានគេរកឃើញថា ចំណាយពេលជាច្រើនខែនៅក្នុងប្រទេសចិន ដើម្បីធ្វើការឱ្យក្រុមហ៊ុន Beijing Rongshu Lianzhi Technology ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា។ ការចោទប្រកាន់នេះបានសង្កត់ធ្ងន់ថា លោក Ding ត្រូវបានផ្តល់ជូននូវទឹកប្រាក់ ១៤,៨០០ដុល្លារក្នុងមួយខែ ដើម្បីធ្វើជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន។ បន្ថែមពីនេះ រូបគេក៏ត្រូវបានគេចោទប្រកាន់ថាបានចាប់ផ្តើមបើកក្រុមហ៊ុនបច្ចេកវិទ្យាផ្ទាល់ខ្លួន មានឈ្មោះថា Shanghai Zhisuan Technology ដែលផ្តោតលើ AI និង machine learning ហើយបានតែងតាំងខ្លួនឯងជា CEO ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការចោទប្រកាន់នេះ ខាងមេធាវីរបស់ លោក Ding មិនបានធ្វើការឆ្លើយតបភ្លាមៗណាមួយឡើយ ខណៈករណីនេះបច្ចុប្បន្នកំពុងស្ថិតក្រោមការស៉ើបអង្កេត៕