Alynana Media Cambodia
Icon Collap
clinic narit

ក្រុមជនអនាមិកបាន Hack ចូលក្នុងប្រព័ន្ធកុំព្យូទ័រ ស្ថាប័នតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC

Admin Alynana | Sep 20, 2023
ក្រុមជនអនាមិកបាន Hack ចូលក្នុងប្រព័ន្ធកុំព្យូទ័រ ស្ថាប័នតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC
Clinic narith

ហូឡង់៖ មន្រ្តីស្ថាប័នតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា (ICC) កាលពីថ្ងៃអង្គារនេះ បានប្រកាសថា ប្រព័ន្ធទិន្នន័យក្នុងកុំព្យូទ័ររបស់ខ្លួន ត្រូវបានក្រុមជនមិនស្គាល់អត្តសញ្ញាណធើ្វការ Hack ចូលដោយបំពាន និងជារឿងមួយនឹកស្មានមិនដល់សម្រាប់ស្ថាប័នពិភពលោកមួយនេះដែលមានប្រព័ន្ធការពារសុវត្ថិភាពអ៊ីនធឺណេតដ៏រឹងមាំ។

មន្រ្តី (ICC) ដដែលបានបន្តទៀតថា គេបានរកឃើញមានសកម្មភាពមិនប្រក្រតីកើតឡើងទៅលើប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់កុំព្យូទ័រ ហើយក្រុមអ្នកជំនាញរបស់ស្ថាប័នក៏បានចាត់វិធានការឆ្លើយតបភ្លាមៗ។ យ៉ាងណាមិញ មន្រ្តីអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិតចំពោះស្ថានការណ៍វាយប្រហាររបស់ក្រុមជនអនាមិក (Hacker) ថាតើវាមានកម្រិតធ្ងន់ធ្ងរឬយ៉ាងណានោះទេ ហើយក៏មិនបានបញ្ជាក់ថាតើប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លួននៅពេលនេះត្រូវបានស្តារឡើងវិញជាធម្មតាឬយ៉ាងណានៅឡើយដែរ។

គួរបញ្ជាក់ជូនថា ស្ថាប័នតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាស្ថាប័នអន្តរជាតិអចិន្ត្រៃយ៍ដែលបានបង្កើតឡើងនៅឆ្នាំ ២០០២ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ជាទីកន្លែងដើម្បីធើ្វការកាត់ទោសក្រុមឧក្រិដ្ឋជនពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម។ បច្ចុប្បន្ននេះ ស្ថាប័ននេះមានក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតករណីអំពើប្រឆាំងមនុស្សជាតិនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន រួមទាំងបណ្តាប្រទេសមួយចំនួនផ្សេងទៀតដែលមានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមាន ប្រទេស អ៊ូហ្គង់ដា វេណេហ្ស៊ូអ៊ីឡា អាហ្វហ្គានីស្ថាន និងហ្វីលីពីនជាដើម ៕