ក្រុមហ៊ុន Heineken ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតទី២របស់ពិភពលោកបានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ មិថុនា ថា ខ្លួននឹងផ្អាកដំណើរការរោងចក្ររបស់ខ្លួនក្នុងប្រទេសវៀតណាមចាប់ពីខែនេះតទៅ ខណៈដែលតម្រូវការស្រាបៀរក្នុងប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជា ដែលមានប្រជាជនប្រមាណជាង៩៩លាននាក់មួយនេះធ្លាក់ចុះខ្លាំង។ តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យក្រុមហ៊ុនស្រាបៀរខ្នាតយក្សដ៏ចំណាស់មួយនេះសម្រេចបិទរោងចក្រនៅវៀតណាមបែបនេះ?
ក្រុមហ៊ុន Heineken ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតទី២ របស់ពិភពលោកបានប្រកាសផ្អាកដំណើរការរោងចក្រមួយរបស់ខ្លួននៅខេត្តក្វាងណាម (Quang Nam) ប្រទេសវៀតណាម ភាគកណ្ដាលចាប់ពីខែនេះតទៅ ក្រោយតម្រូវការស្រាបៀរនៅប្រទេសនេះមានការធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ក្រុមហ៊ុននេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សេដ្ឋកិច្ចទាំងមូលរបស់វៀតណាម រួមទាំងឧស្សាហកម្មស្រាបៀរផង បានជួបបញ្ហាប្រឈមជាច្រើន ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចបានធ្វើឱ្យទំនុកចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំង ដែលបានជះផលប៉ះពាល់ដល់អាជីវកម្មនានា។
ក្រុមហ៊ុននេះក៏និយាយដែរថា ច្បាប់ហាមឃាត់ការបើកបរក្រោមឥទ្ធិពលស្រវឹងកាន់តែតឹងរ៉ឹងរបស់វៀតណាម ដែលបានរឹតបន្តឹងកម្រិតជាតិអាល់កុលសម្រាប់អ្នកបើកបររហូតដល់សូន្យមិល្លីក្រាមចាប់តាំងពីឆ្នាំ២០១៩ មកនោះ ក៏បានធ្វើឱ្យប៉ះពាល់ដល់តម្រូវការស្រាបៀរផងដែរ។ ហើយជាលទ្ធផល ដែលជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទីផ្សារស្រាបៀរក្នុងប្រទេសវៀតណាម បានធ្លាក់ចុះជាង១០% នៅឆ្នាំ២០២៣ និងបន្តធ្លាក់ចុះជិត១០%បន្ថែមទៀតគិតមកទល់នឹងពេលនេះ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Heineken អះអាងថា ខ្លួនផ្អាកដំណើរការតែរោងចក្រក្នុងខេត្តក្វាងណាម ប៉ុណ្ណោះ ចំណែកឯរោងចក្រនៅសល់ចំនួន៥ទៀតរបស់ខ្លួនក្នុងប្រទេសនេះនៅដំណើរការធម្មតា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Heineken បានដំណើរការនៅក្នុងប្រទេសវៀតណាម តាមរយៈក្រុមហ៊ុន Heineken Vietnam ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក Saigon Trading Group ចាប់តាំងពីឆ្នាំ១៩៩១។
ក្រុមហ៊ុនអះអាងថា រហូតមកទល់ពេលនេះខ្លួនបានវិនិយោគជាង១ពាន់លានដុល្លារអាម៉េរិករួចទៅហើយនៅវៀតណាម ហើយរោងចក្ររបស់ខ្លួនបានផ្ដល់ការងារផ្ទាល់ដល់ពលរដ្ឋវៀតណាម ជាង៣ពាន់នាក់។
ចំណុចដ៏គួរឱ្យកត់សម្គាល់មួយទៀត គឺថា ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រកាសកាលពីដើមខែនេះថា ខ្លួនគ្រោងដំឡើងពន្ធលើស្រា និងស្រាបៀររហូតដល់១០០% នៅត្រឹមឆ្នាំ២០៣០ ដែលវិធានការនេះបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មស្រា និងស្រាបៀរកាន់តែខ្លាំង។
ទន្ទឹមនេះក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ អាស្ទូត អែនណាឡាយទិកខា (Astute Analytica) ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា បានឱ្យដឹងថា ទីផ្សារស្រាបៀរនៅប្រទេសវៀតណាម ដែលមានប្រជាជនជាង៩៩លាននាក់មានទំហំជាង៧,៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយរំពឹងថានឹងកើនឡើងដល់ជាង១៤ពាន់លានដុល្លារអាម៉េរកនៅត្រឹមឆ្នាំ២០៣២៕