Alynana Media Cambodia
Icon Collap
clinic narit

ក្រុមប្រដាប់អាវុធ Houthis យេម៉ែន អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេងរបស់ប្រទេសន័រវេស

Media LNN | Dec 13, 2023
ក្រុមប្រដាប់អាវុធ Houthis យេម៉ែន អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេងរបស់ប្រទេសន័រវេស
Clinic narith

(ឌូបៃ)៖ ក្រុមប្រដាប់អាវុធ Houthis ក្នុងប្រទេសយេម៉ែន បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាដឹកប្រេងរបស់ប្រទេសន័រវេស នៅក្នុងការតវ៉ាចុងក្រោយរបស់ពួកគេប្រឆាំង នឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះបានវាយប្រហារនាវាដឹកប្រេងឈ្មោះថា Strinda របស់ប្រទេសន័រវេសដោយគ្រាប់រ៉ុក្កែត ដោយសារតែនាវានេះដឹកជញ្ជូនប្រេងឆៅទៅកាន់ស្ថានីយអ៊ីស្រាអែល ហើយបន្ទាប់ពីនាវិករបស់ខ្លួន មិនអើពើនឹងការព្រមានទាំងអស់។

ប៉ុន្តែ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កប៉ាល់​នោះ​គឺ​ក្រុមហ៊ុន Mowinckel Chemical Tankers របស់​ន័រវេស បាន​គូសបញ្ជាក់ថា កប៉ាល់​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីតាលី​ ជាមួយ​នឹង​ការ​ដឹក​ប្រេងដូង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវឥន្ធនៈ ដោយមិនមានគម្រោងឈប់នៅអ៊ីស្រាអែលទេ។

ទិន្នន័យពីក្រុមហ៊ុនតាមដានកប៉ាល់ Kpler បានបង្ហាញថា កប៉ាល់ Strinda បានដឹកប្រេងបន្លែ និងជីវឥន្ធនៈពីប្រទេសម៉ាឡេស៊ី ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង Venice។ មន្ត្រីក្រុមប្រដាប់អាវុធ Houthi មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗ ពីរដ្ឋាភិបាលអ៊ីស្រាអែលដែរ។

គួរបញ្ជាក់ថា ក្រុម Houthis បានចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានរីករាលដាលពាសពេញមជ្ឈិមបូព៌ាចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដោយបានវាយប្រហារលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសំខាន់ៗ និងការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ ដើម្បីបង្ហាញការតវ៉ារបស់ពួកគេប្រឆាំង នឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា៕