Alynana Media Cambodia
Icon Collap
clinic narit

ខណៈ IMF ពិនិត្យមើលកញ្ចប់ថវិកាសង្គ្រោះ ស្រីលង្ការំពឹងថានឹងមានកិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញ

Admin Alynana | Sep 06, 2023
ខណៈ IMF ពិនិត្យមើលកញ្ចប់ថវិកាសង្គ្រោះ ស្រីលង្ការំពឹងថានឹងមានកិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញ
Clinic narith

(កូឡុំបូ)៖ ស្រីលង្ការំពឹងថានឹងបង្កើតកិច្ចព្រមព្រៀងសំខាន់ៗនៅក្នុងការរៀបចំបំណុលរបស់ខ្លួនឡើងវិញក្នុងខែនេះ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើការត្រួតពិនិត្យលើកដំបូងទៅលើកម្មវិធីប្រាក់កម្ចីចំនួន ៣ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Nandalal Weerasinghe ទេសាភិបាលធនាគារកណ្តាលស្រីលង្កា ខណៈថ្លែងនៅក្នុងវេទិកាវិនិយោគិនមួយកាលពីថ្ងៃអង្គារថា សមាជិកសភាស្រីលង្កានៅសប្តាហ៍នេះទំនងជានឹងអនុម័តច្បាប់មួយដែលធ្វើវិសោធនកម្មច្បាប់ពន្ធដារដែលនឹងជម្រះឧបសគ្គផ្លូវច្បាប់ និងអនុញ្ញាតឱ្យមានបញ្ចប់ការផ្លាស់ប្តូរមូលបត្របំណុលក្នុងស្រុកនៅពាក់កណ្តាលខែកញ្ញា។ លោកបានបន្តថា ទន្ទឹមនឹងនេះ ក្រុមមន្ត្រីរំពឹងថានឹងមានការសម្រេចបានកិច្ចព្រមព្រៀងស្តីពីរបៀបរៀបចំបំណុលបរទេសរបស់ខ្លួនឡើងវិញក្នុងខែនេះ។

បន្ទាប់ពីពន្យារពេលជាច្រើនខែ ប្រទេសស្រីលង្កាកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីពន្លឿនការរៀបចំបំណុលរបស់ខ្លួនឡើងវិញ ដើម្បីទទួលបានមូលនិធិបន្ថែមទៀតពីមូលនិធិ IMF និងជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនងាកមករកផ្លូវកំណើនឡើងវិញបន្ទាប់ពីទទួលរងការក្ស័យធនក្នុងឆ្នាំ២០២២។

លោក Saurav Anand សេដ្ឋវិទូប្រចាំតំបន់អាស៊ីខាងត្បូងនៃក្រុមហ៊ុន Standard Chartered Plc បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ការបង្កើតឱ្យមានការរៀបចំបំណុលក្នុងស្រុកឡើងវិញឥឡូវនេះទំនងជាអាចកើតមានក្នុងរយៈពេល ១០ ទៅ ១៥ ថ្ងៃខាងមុខ»។

ការជាប់ការត្រួតពិនិត្យរបស់មូលនិធិ IMF ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា នឹងត្រួសត្រាយផ្លូវសម្រាប់ការបញ្ចេញថវិកាប្រហែល ៣៣០លានដុល្លារនៅត្រឹមខែវិច្ឆិកាសម្រាប់ប្រទេសស្រីលង្កា៕