Alynana Media Cambodia
Icon Collap
clinic narit

មូលនិធិ IMF និងបង់ក្លាដែសឯកភាពគ្នាលើការត្រួតពិនិត្យដំណាក់កាលទីមួយនៃថវិកាសង្គ្រោះ ៤,៧ពាន់លានដុល្លារ

Media LNN | Oct 21, 2023
មូលនិធិ IMF និងបង់ក្លាដែសឯកភាពគ្នាលើការត្រួតពិនិត្យដំណាក់កាលទីមួយនៃថវិកាសង្គ្រោះ ៤,៧ពាន់លានដុល្លារ
Clinic narith

(ដាកា)៖ ប្រទេសបង់ក្លាដែសនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកស្តីពីការត្រួតពិនិត្យដំណាក់កាលទីមួយ (first review) នៃថវិកាសង្គ្រោះចំនួន ៤,៧ ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ដើម្បីជំរុញសេដ្ឋកិច្ចដែលជាប់គាំងសាច់ប្រាក់ ខណៈប្រទេសនេះខិតជិតទៅរកការបោះឆ្នោតជាតិក្នុងខែមករា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចរបស់បង់ក្លាដែសដែលមានទំហំ ៤១៦ពាន់លានដុល្លារស្ថិតក្នុងសេដ្ឋកិច្ចដែលមានកំណើនដ៏លឿនបំផុតមួយក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែថ្មីៗនេះប្រទេសនេះបានជួបការលំបាកក្នុងការចំណាយលើការនាំចូលប្រេងឥន្ធនៈ ខណៈដែលទុនបម្រុងរូបិយប័ណ្ណបរទេសជាប្រាក់ដុល្លាររបស់ខ្លួនបានធ្លាក់ចុះជាងមួយភាគបីដោយសារតែការនាំចូលមានតម្លៃកាន់តែថ្លៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់មូលនិធិ IMF ថា ការបញ្ចប់វិធានការការត្រូវពិនិត្យដំណាក់កាលដំបូងនេះ ដែលនៅតែត្រូវទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលរបស់មូលនិធិ IMF ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងបញ្ចេញប្រាក់កម្ចីប្រហែល ៦៨១លានដុល្លារសម្រាប់ប្រទេសនេះ។

មូលនិធិ IMF បានឱ្យដឹងថា៖ «អាជ្ញាធរបានបង្កើតវឌ្ឍនភាពយ៉ាងច្រើនលើកំណែទម្រង់រចនាសម្ព័ន្ធស្ថិតក្រោមកម្មវិធីដែលគាំទ្រដោយមូលនិធិ IMF ប៉ុន្តែបញ្ហាប្រឈមនៅតែមាន»។ IMF បានបន្ថែមថា៖ «ការបន្តការរឹតបន្តឹងហិរញ្ញវត្ថុសកល រួមជាមួយនឹងភាពងាយរងគ្រោះដែលមានស្រាប់ កំពុងធ្វើឱ្យការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចមានការប្រឈម ដែលដាក់សម្ពាធលើរូបិយប័ណ្ណតាកា និងទុនបម្រុងរូបិយប័ណ្ណបរទេស»។

IMF បានអនុម័តប្រាក់កម្ចីចំនួន ៤,៧ពាន់លានដុល្លារដល់ប្រទេសបង់ក្លាដែសក្នុងខែមករា ជាមួយនឹងការបញ្ចេញទឹកប្រាក់ភ្លាមៗប្រហែល ៤៧៦លានដុល្លារ ដែលការណ៍នេះបានធ្វើឱ្យបង់ក្លាដែសក្លាយជាប្រទេសដំបូងគេដែលទទួលបានមូលនិធិបែបនេះក្នុងចំណោមប្រទេសនៅតំបន់អាស៊ីខាងត្បូងចំនួនបីដែលបានដាក់ពាក្យស្នើសុំកម្ចីថវិកាសង្គ្រោះកាលពីឆ្នាំមុនក្នុងគ្រាដែលមានបញ្ហាសេដ្ឋកិច្ច។

អ្នកនាំពាក្យររបស់ធនាគារកណ្តាលបង់ក្លាដែសគឺលោក Mezbaul Haque បានថ្លែងថា ធនាគារកណ្តាលសង្ឃឹមថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលរបស់ IMF នៅថ្ងៃទី១១ ខែធ្នូនឹងអនុម័តប្រាក់កម្ចីលើកទី២នេះ។

ប្រទេសដែលមានប្រជាជន ១៧០លាននាក់នេះកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់ដ៏រ៉ាំរ៉ៃដែលជំរុញដោយការកើនឡើងតម្លៃថាមពល និងអាហារ រួមជាមួយនឹងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ដែលបណ្តាលឱ្យមានបញ្ហាឈឺក្បាលសម្រាប់រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina។

មូលនិធិ IMF ព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែសនឹងមានអត្រា ៦ភាគរយក្នុងឆ្នាំសារពើពន្ធ២០២៤ ខណៈពេលដែលអតិផរណាត្រូវបានព្យាករថានឹងមានកម្រិតមធ្យមលើសពី ៧ភាគរយនៅចុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕