មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចសកលក្នុងរង្វង់ជាង៣% នៅក្នុងឆ្នាំ២០២៤ នេះ ដោយសារតែសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបានបង្ហាញពីភាពធន់នឹងវិបត្តិក្នុងពេលកន្លងមកនេះ។ ទោះជាយ៉ាងណា ការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប ហាក់មិនទាន់មានភាពវិជ្ជមាននៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០២៤ នេះនឹងមានសន្ទុះខ្លាំងជាងការរំពឹងដោយសម្រេចបានកំណើនក្នុងរង្វង់៣.១% គឺដូចគ្នាទៅនឹងឆ្នាំ២០២៣ ដោយសារសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបានបង្ហាញពីភាពធន់នឹងវិបត្តិមុនៗ បូករួមតម្រូវការប្រើប្រាស់រឹងមាំដែលជួយជំរុញកំណើន។
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល (World Economic Outlook) ចុងក្រោយរបស់ខ្លួន មូលនិធិ IMF បានដំឡើងការព្យាកររបស់ខ្លួនក្នុងអត្រា០.២% ដោយសារតែស្ថានភាពសេដ្ឋកិច្ចធូរស្រាលនៅប្រទេសចិន សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ធំៗ ហើយមូលនិធិនេះ ក៏បានព្យាករដែរថា សេដ្ឋកិច្ចសកលនឹងសម្រេចបានកំណើនក្នុងរង្វង់៣,២% នៅឆ្នាំ២០២៥ ដែលខ្ពស់ជាងឆ្នាំ២០២៤ បន្តិច។
ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចសកលនេះនៅតែមានកម្រិតទាបខ្លាំងជាប្រវត្តិសាស្ត្រ បើធៀបនឹងកំណើនសេដ្ឋកិច្ចសកលចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ដែលមានអត្រាជាមធ្យម៣.៨%។ ទស្សនវិស័យសម្រាប់កំណើនសេដ្ឋកិច្ចអឺរ៉ុប ត្រូវបានទម្លាក់បន្តិចសម្រាប់ឆ្នាំ២០២៤ ដែលភាគច្រើនដោយសារតែកំណើនខ្សោយជាងការរំពឹងទុកកាលពីឆ្នាំ២០២៣។ កត្តាមួយចំនួនដែលបានរារាំងកំណើននៅក្នុងតំបន់នេះរួមមានលក្ខខណ្ឌរូបិយវត្ថុតឹងតែង និងការដកការគាំទ្រផ្នែកសារពើពន្ធ បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩ គួបផ្សំនឹងផលិតភាពទាបផងដែរ។
ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំៗមួយចំនួននៅតំបន់អឺរ៉ុប នៅតែបង្ហាញសញ្ញាទទួលរងផលប៉ះពាល់ខ្លាំងនៅឡើយពីឥទ្ធិពលនៃសង្រ្គាមនៅប្រទេសអ៊ុយក្រែន ដូច្នេះហើយមូលនិធិ IMF បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនៅតំបន់អឺរ៉ុប សម្រេចបានកំណើន០,៥% ក្នុងឆ្នាំ២០២៣។
នៅក្នុងឆ្នាំ២០២៤នេះ មូលនិធិ IMF បានបន្ទាបការព្យាកររបស់ខ្លួន០.៣% បើប្រៀបធៀបនឹងរបាយការណ៍មុននេះរបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៣ ហើយពេលនេះមូលនិធិនេះបានព្យាករអំពីការស្ទុះងើបឡើងវិញជាមួយនឹងកំណើន GDP ឈានដល់០,៩%% នៅប្លុកអឺរ៉ុប ដោយសារកត្តាមួយចំនួនដូចជាកំណើននៃតម្រូវការប្រើប្រាស់ក្នុងគ្រួសារ ការធ្លាក់ចុះអតិផរណា និងកំណើនប្រាក់ចំណូលជាដើម៕