មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញអំពីទស្សនវិស័យសេដ្ឋកិច្ចសាកល ដោយមើលឃើញថា វាគឺកាន់តែអាក្រក់ជាងការព្យាករកាលពីខែមុនទៅទៀត។ ការចេញទស្សនទានសេដ្ឋកិច្ចនេះ គឺធ្វើឡើងមុនពីរបីថ្ងៃប៉ុណ្ណោះ ដែលប្រទេសសេដ្ឋកិច្ចធំៗ G20 នឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅឥណ្ឌូណេស៊ី ពោលគឺ IMF ហាក់មានចេតនាឱ្យប្រទេសទាំងនេះ ខិតខំស្វែងរកដំណោះស្រាយ និងចាត់វិធានការឱ្យបានទាន់ពេល និងសមស្របថែមទៀត ពិសេសគឺគោលនយោបាយរូបិយវត្ថុ ខណៈការកើនឡើងអតិផរណានៅតែជាបញ្ហាចោទគួរឱ្យបារម្ភខ្លាំង។
ការប្រមើលឃើញរបស់ IMF អំពីស្ថានភាពសេដ្ឋកិច្ចដែលកាន់តែងងឹត អាប់អួខ្លាំងឡើងបែបនេះ គឺដោយសារតែការដាក់ចេញគោលនយោបាយរូបិយវត្ថុរឹតត្បិត ដែលបណ្តាលពីមកការកើនឡើងអតិផរណា កំណើនសេដ្ឋកិច្ចខ្សោយ និងការបិទខ្ទប់នៅក្នុងប្រទេសចិន ឧបសគ្គនៃការផ្គត់ផ្គង់ និងអសន្តិសុខស្បៀងអាហារ ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែនជាដើម។
ស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ បានលើកឡើងការធ្លាក់ចុះសេដ្ឋកិច្ចនៅអឺរ៉ុប ក៏ដូចជាប្រទេស G20 ដែលត្រៀមរៀបចំកិច្ចប្រជុំនៅប្រទេសឥណ្ឌូណេស៊ីផងដែរ ដោយសារតែបញ្ហាអតិផរណា វិបត្តិថាមពល ដែលអាចនឹងអូសបន្លាយកាន់តែយូរ និងការកើនឡើងហានិភ័យនៃវិបត្តិបំណុលទៀតផង។ បញ្ហាអាកាសធាតុក៏នឹងបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសាកលផងដែរ។ IMF បានចាត់ទុកបញ្ហាទាំងនេះ គឺសូចនាករដែលបង្ហាញពីការដាំក្បាលចុះសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
កាលពីខែតុលា IMF បានព្យាករថា កំណើនសេដ្ឋកិច្ចសាកលសម្រាប់ឆ្នាំ២០២៣ គឺ នឹងស្ថិតក្នុងរង្វង់ ២,៧% ដែលពីមុនព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៩%។
នាយកា IMF លោកស្រី Kristalina Georgieva បានថ្លែងប្រាប់ Washington Post ក្នុងកិច្ចសម្ភាសន៍មួយថ្មីៗនេះថា ភាពតានតឹងរវាងអាមេរិក និងចិន នឹងបង្កហានិភ័យដល់សេដ្ឋកិច្ចសាកល។ លោកស្រីព្រមានថា «យើងអាចនឹងមមើដើរទៅក្នុងពិភពមួយដែលកាន់តែតែក្រីក្រ និងសន្តិសុខធ្លាក់ចុះ ដែលលោកស្រីចាត់ទុកវាជាសង្គ្រាមត្រជាក់ទីពីរ។
មិនមែនតែអឺរ៉ុបទេ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្រមានកាលពីពេលថ្មីៗនេះដែរថា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងខាតបង់ច្រើនជាងគេ ក្នុងករណីប្រព័ន្ធពាណិជ្ជកម្មពិភពលោកត្រូវបែកបាក់គ្នាជាប្លុក ដែលបង្កឡើងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ក្នុងនោះ IMF បានទាញសញ្ញាថា បណ្តាប្រទេសអាស៊ី និងអាស៊ីប៉ាស៊ីហ្វិកអាចបាត់បង់តម្លៃជាង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រសិនបើពាណិជ្ជកម្មត្រូវបានកាត់ផ្តាច់នៅតាមវិស័យដែលរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លើវិស័យផលិតបន្ទះឈីបរបស់ប្រទេសចិន។ ដោយឡែក ក្នុងករណីដែលរបាំងរឹតត្បិតមិនមែនពន្ធនៅក្នុងតំបន់ផ្សេងទៀតត្រូវបានកើនឡើងដូចសម័យសង្រ្គាមត្រជាក់ ក៏តំបន់អាស៊ីនឹងត្រូវរងថ្មបាក់ផងដែរ។
គួររំលឹកថា កាលពីខែមុន ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុពិភពលោកធំៗជាច្រើនរួមមាន ធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុ (IMF) និងធនាគារវិនិយោគដ៏ធំបំផុតរបស់អាមេរិក JPMorgan ក៏សុទ្ធតែធ្លាប់បានចេញការព្រមានរួចមកហើយដែរ អំពីហានិភ័យនៃការដាំក្បាលចុះនៃសេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣ ដោយសារបញ្ហាដែលបន្តកើតឡើងពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន អតិផរណា គ្រោះមហន្តរាយធម្មជាតិ និងវិបត្តិថាមពលជាដើម៕