នៅក្នុងវេទិកាមួយនៅក្នុងទ្វីបអាហ្រ្វិកកាលពីពេលថ្មីៗនេះ លោកមហាសេដ្ឋីចូលនិវត្តន៍ Jack Ma បាននិយាយពីការវិវត្តន៍ចុងក្រោយបំផុត នៃបច្ចេកវិទ្យារបស់ពិភពលោក។ លោកបានបង្ហាញ៤អ៊ីដែលនឹងធ្វើឲ្យប្រទេសមួយអាចក្លាយជាប្រទេសខ្លាំងខ្លាបំផុតមួយទៅអនាគត។
ឆ្លើយតបទៅនឹងសំនួរមួយថា តើលោកគិតយ៉ាងម៉េចដែរពីគន្លឹះដែលនឹងធ្វើឲ្យទី្វបអាហ្វ្រិកអាចអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណែតរបស់ខ្លួន? លោក Jack Ma បានឆ្លើយវិញថា គឺទ្វីបមួយនេះជាតំបន់ដែលកំពុងមានសក្តានុពលខ្លាំងក្នុងការធ្វើជំនួញ។ ទ្វីបមួយនេះគួរបង្កើតប្រព័ន្ធទូរទាត់និងដឹកជញ្ជូនរួមមួយសម្រាប់តំបន់ទាំងមូល។
គាត់ក៏បានសង្ខេបចេញជា៤E ដែលជាឆ្អឹងខ្នងជួយធ្វើឲ្យប្រទេសមួយមានការរីកចម្រើនខ្លាំង៖
E ទី១គឺ Entrepreneur
លោកមហាសេដ្ឋី Jack Ma បានពន្យល់ទី១នេះគឺជាសហគ្រិនភាព ដែលអ្នកទាំងអស់គ្នា ដែលជាប្រជាជននៅអាហ្រ្វិកទាំងអស់ត្រូវនាំគ្នាកសាង។ គំនិតអ្នកទាំងអស់គ្នានិងបេះដូងអ្នកទាំងអស់គ្នាជាសហគ្រិនគឺជាដើមទុនដែលនឹងធ្វើឲ្យទ្វីបមួយនេះកាន់តែរីកចម្រើនទៅមុខ។
E ទី២គឺ E-government
រដ្ឋាភិបាលទាំងអស់ក្នុងលោកគួរនាំគ្នាប្រើប្រព័ន្ធអេទ្បិចត្រូនិចដើម្បីដំណើរការងាររបស់ខ្លួនឲ្យទៅ។ការប្រើប្រាស់ប្រព័ន្ធនេះជួយឲ្យការងាររបស់រដ្ឋមានតម្លាភាពបំផុតហើយប្រសិទ្ធិភាពក៏នឹងកើនទ្បើងដែរ។
E ទី៣គឺE-frastructure
អ៊ីទី៣នេះគឺជាហេដ្ឋារចនាសម្ព័ន្ធអេទ្បិចត្រូនិចដែលលោកមហាសេដ្ឋី Jack Ma ថាសំខាន់ជាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្ងាយណាស់។ អ៊ីនធើណែតនឹងជួយឲ្យពិភពលោក ទាំងមូលចំណេញច្រើនណាស់ ហើយសកម្មភាពនៃការរកស៊ីក៏នឹងកើនទ្បើងខ្លាំងផងដែរ។
E ទី៤Education
អ៊ីចុងក្រោយនេះគឺប្រព័ន្ធអប់រំ។ អ៊ីចុងក្រោយនេះ ត្រូវតែមានការផ្លាស់ប្តូរ មិនមែនជាប្រព័ន្ធអប់រំដូចសព្វថ្ងៃនោះទេ។ ការអប់រំដែលរឹងមាំគួរផ្តោតលើអ្វីដែលកំព្យុទ័រ ឬម៉ាស៊ីនមិនអាចធ្វើបានពោលគឺការអប់រំដែលផ្តោតលើគំនិតច្នៃប្រឌិតនិងផ្លូវចិត្ត៕