Alynana Media Cambodia
Icon Collap
clinic narit

លោក Jens Stoltenbergបាននិយាយថាអង្គការសម្ព័ន្ធយោធាណាតូ នឹងត្រៀមរៀបចំធ្វើសមយុទ្ធនុយក្លេអ៊ែរ បើទោះបីជាមានការព្រមានខ្លាំងៗពី

Admin Alynana | Oct 13, 2022
លោក Jens Stoltenbergបាននិយាយថាអង្គការសម្ព័ន្ធយោធាណាតូ នឹងត្រៀមរៀបចំធ្វើសមយុទ្ធនុយក្លេអ៊ែរ បើទោះបីជាមានការព្រមានខ្លាំងៗពី
Clinic narith

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារ ទី ១១ តុលា ថា អង្គការសម្ព័ន្ធយោធាណាតូ នឹងត្រៀមរៀបចំធ្វើសមយុទ្ធនុយក្លេអ៊ែរដែលបានគ្រោងទុកជាយូរមកហើយ នៅសប្តាហ៍ក្រោយនេះ បើទោះបីជា កំពុងមានភាពតានតឹងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែនជាមួយម៉ូស្គូ ក៏ដូចជាមានការព្រមានចំៗពីសំណាក់លោក ពូទីន ថា នឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារទឹកដីរុស្ស៊ី រួមទាំងការប្រើអាវុធនុយក្លេអ៊ែរយ៉ាងណាក្ដី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។

សមយុទ្ធនេះត្រូវបានគេឲ្យឈ្មោះថា «Steadfast Noon» ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយជាធម្មតា វាធ្វើឡើងប្រហែលមួយសប្តាហ៍ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនបំពាក់ធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរផ្ទាល់នេះទេ ហើយក្នុងនេះក៏មានការសមយុទ្ធយន្ដហោះចម្បាំងទូទៅ យន្តហោះឃ្លាំមើល និងការយន្តហោះចម្បាំងស៊ើបការផ្សេងទៀតផងដែរ។

ប្រទេសចំនួន ១៤ ក្នុងចំណោមប្រទេសសមាជិកអង្គការយោធាអាត្លង់ទិកខាងជើងចំនួន ៣០ នឹងចូលរួមនៅក្នុងសមយុទ្ធនេះ ហើយវាត្រូវបានគេគ្រោងទុក តាំងតែពីមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈម្ល៉េះ។ មន្ត្រីអង្គការណាតូម្នាក់បាននិយាយថា ផ្នែកសំខាន់នៃសមយុទ្ធនេះ នឹងត្រូវធ្វើឡើងនៅចម្ងាយជាង១ពាន់គីឡូម៉ែត្រពីទឹកដីប្រទេសរុស្ស៊ី។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅមុនថ្ងៃនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុចសែលថា «វាជាសញ្ញាខុសឆ្គងមួយ ប្រសិនបើណាតូលុបចោលសមយុទ្ធ ដែលបានគ្រោងទុកនេះ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែននោះ»។ លោកបានបន្ថែមថា «ជំហរ និងអាកប្បកិរិយាដ៏រឹងមាំ រួមជាមួយកម្លាំងយោធារបស់ណាតូ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់ការរាលដាលនៃសង្គ្រាម និងការពារសមាជិកទាំងមូលរបស់អូតង់»។

គេសង្កេតឃើញថា ក្រោយពីកងទ័ពរុស្ស៊ីបានដកថយជាបន្តបន្ទាប់ ក្រោយការវាយបកដោយកងកម្លាំងអ៊ុយក្រែនដែលបំពាក់បំប៉នដោយសព្វាវុធលោកខាងលិចនោះ លោក ពូទីន បានដើរមួយជំហានដោយកាត់ទឹកដីអ៊ុយក្រែនចំនួនបួនផ្នែកចូលជាដែនដីរុស្ស៊ី ព្រមទាំងធ្វើការកែនទ័ព៣សែននាក់បន្ថែមទៀត ដើម្បីស្តារស្ថានការយោធាខ្លួនដែលកំពុងតែយ៉ាប់យ៉ឺន។

ខណៈដែលសេណារីយ៉ូនៃការចាញ់សង្គ្រាមកំពុងតែស្តែងឡើង លោក ពូទីន បានព្រមានម្តងហើយម្តងទៀតថា លោកនឹងងាកទៅចាប់យកអាវុធនុយក្លេអ៊ែរក្នុងការប្រើលើសមរភូមិអ៊ុយក្រែន ដើម្បីការផលប្រយោជន៍សហព័ន្ធរុស្សី និងសរបង្ហាញជាសារកំញើញក្នុងគោលបំណងរារាំងប្រទេសបស្ចិមលោកកុំឲ្យគាំទ្រអ៊ុយក្រែនតទៅទៀតផងដែរ។

យ៉ាងណាមិញ ណាតូមិនមែនជាអង្គការនុយក្លេអ៊ែរនោះទេ ព្រោះសព្វាវុធនុយក្លេអ៊ែរដែលមាននៅក្នុងដៃអង្គការយោធាមួយនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង់យ៉ាងតឹងរ៉ឹងដោយប្រទេសសមាជិកចំនួនបី គឺសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសបារាំង។

ស្របពេលជាមួយគ្នានេះ លោក Stoltenberg ប្រធានសម្ព័ន្ធយោធាណាតូដដែល ក៏បានគូសបញ្ជាក់ដែរថា ក្រុមផែនការនុយក្លេអ៊ែរសម្ងាត់របស់សម្ព័ន្ធណាតូនឹងជួបប្រជុំគ្នានៅថ្ងៃទី ១៣ខែតុលា ក្នុងចំណោមរដ្ឋមន្ត្រីការពារជាតិ ក្រោយពីវោហាសាស្ត្រគំរាមប្រើនុយក្លេអ៊ែរប្រកបដោយ «គ្រោះថ្នាក់ និងមិនគិតពិចារណា» របស់លោក ពូទីន។ ប៉ុន្ដែអគ្គលេខាធិការអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា «សម្ព័ន្ធណាតូនឹងឆ្លើយតបវិមានក្រឹមឡាំងវិញយ៉ាងធ្ងន់ធ្ងរ ប្រសិនបើម៉ូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមមធ្យោបាយណាមួយមែននោះ»៕