នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) លាលែងពីតំណែង បន្ទាប់ពីបានកាន់តំណែងរយៈពេល៤៥ថ្ងៃ ដោយសារតែមានភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ច ហើយគណបក្សអភិរក្សនិយម នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ក្នុងរយៈពេល៤ខែ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។
លោកស្រី Liz Truss បាននិយាយថា អ្នកស្នងតំណែងលោកស្រីនឹងត្រូវជ្រើសរើសនៅសប្តាហ៍ក្រោយ បន្ទាប់ពីមានការបះបោរដោយសមាជិកសភាមកពីគណបក្សអភិរក្សនិយម ដែលបង្ខំឱ្យលោកស្រីលាលែងពីតំណែង។
លោក បូរីស ចនសុន (Boris Johnson) ស្ថិតក្នុងចំណោមសមាជិកសភាដែលទំនងជានឹងពិចារណាក្នុងការឈរឈ្មោះបោះឆ្នោតដែរ។
សមាជិកសភាមកពីគណបក្សអភិរក្សនិយម បានបះបោរប្រឆាំងនឹងលោកស្រី Liz Truss បន្ទាប់ពីលោកស្រីដាក់ចេញនូវផែនការសេដ្ឋកិច្ចដ៏ចម្រូងចម្រាស។
នៅក្នុងសុន្ទរកថាខ្លីមួយនៅខាងក្រៅវិមានដូនីង ស្រ្ទីត (Downing Street) លោកស្រី Liz Truss បាននិយាយថា គណបក្សអភិរក្សនិយម បានបោះឆ្នោតជ្រើសរើសលោកស្រី ដើម្បីកាត់បន្ថយពន្ធ និងជំរុញកំណើនសេដ្ឋកិច្ច។
ទោះយ៉ាងណា លោកស្រីបាននិយាយថា៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនអាចសម្រេចបាននូវអ្វីដែលគណបក្សអភិរក្សនិយមចង់បានឡើយ»។
មេដឹកនាំគណបក្សការងារ លោក សឺ កឺស្តាមឺ (Sir Keir Starmer) និងគណបក្សប្រឆាំងផ្សេងទៀត បានអំពាវនាវឱ្យមានការបោះឆ្នោតសកលភ្លាមៗ បន្ទាប់ពីសុន្ទរកថាលាលែងពីតំណែងរបស់លោកស្រី Liz Truss ។
លោកស្រី Liz Truss បាននិយាយថា លោកស្រីនឹងបន្តកាន់តំណែងរហូតដល់មានអ្នកស្នងតំណែងជាផ្លូវការ និងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយស្តេចឆាលស៍ (Charles)។
លោក ចេរ៉េមី ហាន់ត៍ (Jeremy Hunt) ដែលត្រូវបានតែងតាំងជាអធិការបតី កាលពីសប្តាហ៍មុន នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតឡើយ។ មិនមានបេក្ខជនណាម្នាក់ដែលបានឈរឈ្មោះប្រកួតប្រជែងជាមួយលោកស្រី Liz Truss កាលពីលើកមុន បង្ហាញសញ្ញាថាតើពួកគេនឹងឈរឈ្មោះបោះឆ្នោតឬយ៉ាងណានោះទេ។
ទោះយ៉ាងណា ប្រភពពីគណបក្សអភិរក្សនិយម បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ថា លេខាធិការពាណិជ្ជកម្ម លោក ចេកុប រីម៉ក់ (Jacob Rees-Mogg) បានលើកទឹកចិត្តសហការីឱ្យគាំទ្រលោក បូរីស ចនសុន (Boris Johnson) ក្នុងការឈរឈ្មោះបោះឆ្នោត។
លោក សឺ ហ្រ្កាហាំប្រាឌី (Sir Graham Brady) ដែលជាប្រធានគណៈកម្មាធិការនៃសមាជិកសភាមកពីអភិរក្សនិយម បាននិយាយថា នាយករដ្ឋមន្រ្តីថ្មីអាចត្រូវបានជ្រើសរើសនៅថ្ងៃសុក្រសប្តាហ៍ក្រោយ។
យោងតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់អង់គ្លេស បេក្ខភាពនាយករដ្ឋមន្រ្តីត្រូវទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន១០០រូប ដើម្បីអាចឈរឈ្មោះបោះឆ្នោតបាន ដែលមានន័យថា បេក្ខភាពនាយករដ្ឋមន្រ្តីយ៉ាងតិច៣រូបអាចឈរឈ្មោះបាន។
ការបោះឆ្នោតដំបូង នឹងត្រូវធ្វើឡើងក្នុងចំណោមសមាជិកសភា ហើយបេក្ខជនដែលទទួលបានសំឡេងតិចជាងគេ នឹងត្រូវដកឈ្មោះចេញពីបេក្ខភាពប្រកួតប្រជែង ប្រសិនបើមានបេក្ខជន៣រូប។
គួរបញ្ជាក់ថា លោកស្រី Liz Truss គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងខ្លីបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស ដែលឡើងកាន់តំណែងបានត្រឹម ៤៥ថ្ងៃ៕