ម្ចាស់ប្រេន LVMH ដ៏ធំរបស់ពិភពលោក Bernard Arnault បានធ្វើដំណើរជាផ្លូវការទៅកាន់ប្រទេសចិន ស្របពេលដែលប្រជាជនចិនបានចំណាយប្រាក់ និងគាំទ្រលើផលិតផលមួយនេះខ្លាំងមែនទេ ដោយធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងជាលំដាប់ ។ សហគ្រិនជនជាតិបារាំងរូបនេះ គឺជាអ្នកចុងក្រោយបំផុតនៅក្នុងជួរមហាសេដ្ឋីលុយពាន់លានដុល្លារ ដែលបានទៅលេងចិន បន្ទាប់ពីម្ចាស់ Tesla លោក Elon Musk និងនាយកប្រតិបត្តិ JP Morgan លោក Jamie Dimon កាលពីខែមុន ។
បន្ទាប់ពីទៅដល់ចិន អ្នកមានជាងគេបំផុតនៅលើពិភពលោករូបនេះ ត្រូវបានគេប្រទះឃើញដើរត្រួតពិនិត្យហាងជាច្រើនដែលគ្រប់គ្រងដោយប្រេន LVMH រួមទាំង Christian Dior និង Bulgari នៅផ្សារទំនើប WF Central និង SKP ក្នុងទីក្រុងប៉េកាំង ។បើតាមទិន្នន័យរបស់ក្រុមហ៊ុនបានឲ្យដឹងថា ការលក់នៅក្នុងត្រីមាសទី១ បានកើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយវាក៏ជាទិន្នន័យមួយហួសពីការរំពឹងទុកផងដែរ ជាពិសេសដោយសារតែសន្ទុះជំរុញនៅក្នុងទីផ្សារប្រទេសចិនតែម្ដង ។
គួរបញ្ជាក់ថា ចិនគឺជាប្រភពអតិថិជននៃហាងលក់សម្ភារៈប្រណិតៗរបស់ពិភពលោក ខណៈអតិថិជនមានចំណូលមធ្យមនិងចំណូលខ្ពស់ កាន់តែមានចំនួនកើនឡើងច្រើន ។ ម្យ៉ាងទៀត ទោះបីជាសន្ទុះសេដ្ឋកិច្ចចិន បានធ្លាក់ចុះបន្តិចនាប៉ុន្មានខែចុងក្រោយនេះក៏ដោយ ប៉ុន្តែកំណើននៃការលក់ទំនិញប្រណិតនៅតែមានកំណើនខ្ពស់ ៕