អ៊ុយក្រែន៖ កិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសជនស៊ីវិលបន្ថែមទៀត ចេញពីទីក្រុងកំពង់ផែរងការបំផ្លិចបំផ្លាញ Mariupol របស់ប្រទេសអ៊ុយក្រែនត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទ ហើយមនុស្សរាប់រយនាក់នៅតែជាប់ក្នុងរោងចក្រដែកថែប Azovstal ជាមូលដ្ឋានចុងក្រោយរបស់ក្រុមអ្នកតស៊ូ ប្រឆាំងនឹងការហ៊ុមព័ទ្ធរបស់ទាហានរុស្ស៊ី។
ពុំមានការបញ្ជាក់ឲ្យបានច្បាស់ភ្លាមៗទេថា មូលហេតុអ្វីដែលនាំឲ្យមានការផ្អាកការជម្លៀសនេះ។ មន្ត្រីក្រុងមួយរូបបាននិយាយថា កងកម្លាំងរុស្ស៊ីបានបន្តការបាញ់ផ្លោងកាលពីថ្ងៃអាទិត្យលើរោងចក្រនេះ បន្ទាប់ពីក្បួនរថយន្តក្រុងបានចាកចេញ។ ស្ថានភាពដ៏លំបាកយ៉ាប់យ៉ឺនរបស់ក្រុមជនស៊ីវិល ដែលបានជាប់ក្នុងទីក្រុង Mariupol ដែលបានរងការបាញ់ផ្លោងជាច្រើនសប្ដាហ៍ មុនកងកម្លាំងរុស្ស៊ីដណ្ដើមគ្រប់គ្រងស្ទើរតែទាំងស្រុង បានផ្ដោតលើក្ដីបារម្ភមនុស្សធម៌ ខណៈសង្គ្រាមបានបន្តដល់ខែទី៣។
ទីក្រុងដែលត្រូវបានកងកម្លាំងរុស្ស៊ីឡោមព័ទ្ធចាប់តាំងពីសង្គ្រាមផ្ទុះឡើងបានប៉ុន្មានថ្ងៃ បានបណ្ដាលឲ្យជនស៊ីវិលជាប់ខ្លួនរស់នៅក្នុងភាពភ័យខ្លាច ខ្វះអាហារ ទឹក ថ្នាំពេទ្យ និងអគ្គិសនី។ សារព័ត៌មាន BBC បាននិយាយថា កុមារតូចនៅក្នុងទីក្រុង Mariupol បានផឹកទឹកភ្លៀងដក់តាមក្រឡុកនានា។ កងទ័ពរុស្ស៊ីនិយាយថា មនុស្សចំនួន ១២៦នាក់បានចាកចេញពីទីក្រុង Mariupol តាមក្បួនរថយន្តសុវត្ថិភាពកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យពីរោងចក្រដែកថែប និងស្រុកផ្សេងទៀតទៅកាន់តំបន់ Donetsk គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ី៕