ក្រោយពីបានបើកដំណើរការរកស៊ីនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាម នាពេលនេះយីហោដ៏ល្បីមួយរបស់អាមេរិកគឺ McDonald’s គ្រោងនឹងបិទហាងចាស់បំផុតរបស់ខ្លួនចោលហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Vnexpress។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា យីហោ McDonald’s នេះបានបើកដំណើរតាំងពីឆ្នាំ២០១៤ មកម្លេះដែលបើកនៅក្នុងតំបន់ Ben Thanh នៃទីក្រុងហូជីមីញ ហើយតាមរយៈការបិទដំណើរការហាងរបស់ខ្លួននេះដែរគឺយីហោរបស់អាមេរិក១នេះមិនទាន់បានបញ្ជាក់ពីមូលហេតុឡើយ។
លើសពីនេះទៅទៀត ក្រៅពី McDonald’s បានគ្រោងបិទនៅវៀតណាមសូម្បីតែ Starbucks ក៏បានសម្រេចបិទហាងនៅទីក្រុងហូជីមិញកាលពីខែសីហាកន្លងទៅនេះដែរ បន្ទាប់ពីបានបើកដំណើរការបានរយៈពេល ៧ឆ្នាំផងដែរ។
លើសពីនេះទៅទៀត ការបិទហាងយីហោល្បីៗរបស់អាមេរិកនៅវៀតណាម ភាគច្រើនគឺមកពីតម្លៃជួលទីតាំងលក់រាយមានតម្លៃខ្ពស់ខ្លាំងនៅទីក្រុងហូជីមិញ ដែលតម្លៃជួលបានកើនឡើងដល់ ២៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆមាសទី១ ខណៈដែលការផ្គត់ផ្គង់វិញគឺនៅមានកម្រិត។
គួររំលឹកផងដែរថា McDonald’s គឺជាក្រុមហ៊ុនបម្រើសេវាកម្មអាហាររហ័សដែលបានបើកភោជនីយដ្ឋានជាង៤ម៉ឺនកន្លែងនៅក្នុងប្រទេសជាង១៦០ប្រទេសជាមួយនឹងបុគ្គលិកខ្ទង់២លាននាក់នៅក្នុងបណ្ដាញFranchise របស់ខ្លួនដោយនៅក្នុងនោះមាន១៣,០០០នាក់គឺស្ថិតនៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក៕