Alynana Media Cambodia
Icon Collap
clinic narit

ប្រេនធំៗរបស់លោកខាងលិច McDonald's និង Starbucks ដាំក្បាលចុះខ្លាំង ដោយសារការធ្វើពហិការពីអតិថិជននៅម៉ាឡេស៊ី និងឥណ្ឌូនេសុី

Media LNN | Mar 08, 2024
ប្រេនធំៗរបស់លោកខាងលិច McDonald's និង Starbucks ដាំក្បាលចុះខ្លាំង ដោយសារការធ្វើពហិការពីអតិថិជននៅម៉ាឡេស៊ី និងឥណ្ឌូនេសុី
Clinic narith

ម៉ាកយីហោ ឬប្រេនល្បីៗរបស់លោកខាងលិច រាប់ចាប់ពី Unilever, McDonald's, Starbucks រហូតដល់ Danone កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការធ្វើពហិការពីអតិថិជននៅក្នុងប្រទេសកាន់សាសនាអ៊ីស្លាម គឺម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដើម្បីបង្ហាញការប្រឆាំងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia។

លោក ហ្វឺណានដូ ហ្វឺណានដេស (Fernando Fernandez) នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Unilever បាននិយាយកាលពីខែមុនថា នៅក្នុងទីផ្សារឥណ្ឌូនេស៊ី ការលក់របស់ក្រុមហ៊ុនលោកបានធ្លាក់ចុះខ្លាំងក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ខណៈដែលការលក់របស់ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើនទៀត បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីយុទ្ធនាការឃោសនាអកុសលទាក់ទិននឹងបញ្ហាភូមិសាស្ត្រនយោបាយ។

ស្ត្រីជាបុគ្គលិកការិយាល័យម្នាក់វ័យ២៨ឆ្នាំ ឈ្មោះ រ៉ៃសា ពីណាឌា (Raisa Pinadia) ដែលរស់នៅជាយក្រុងហ្សាកាតា បានប្រាប់សារព័ត៌មាន Nikkei Asia ថា នាងព្យាយាមជៀសវាងមិនទិញផលិតផលប្រើប្រាស់ពីក្រុមហ៊ុន Unilever, Danone និងផលិតផលលោកខាងលិចផ្សេងៗទៀត ដែលបានគាំទ្រអ៊ីស្រាអែល ដោយបើកចំហនោះឡើយ។ នាងបាននិយាយទៀតថា នាងគ្មានអារម្មណ៍ចំណាយលុយលើម៉ាកយីហោទាំងនេះឡើយ ព្រោះនាងមានការបារម្ភចំពោះប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ដែលកំពុងរងគ្រោះដោយសារសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស។

ជាការឆ្លើយតប ម៉ាកយីហោលោកខាងលិច ទាំងនេះបានច្រានចោលថា ពួកគេគ្មាននិន្នាការគាំទ្រភាគីខាងណាឡើយនៅក្នុងជម្លោះប្រដាប់អាវុធខាងលើនេះ។ ទន្ទឹមនេះ កំណើននៃការលក់របស់ក្រុមហ៊ុន McDonald's ក៏បានធ្លាក់ចុះខ្លាំងដែរក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ក្នុងផ្នែកអាជីវកម្មអន្តរជាតិរបស់ខ្លួន ដែលមួយផ្នែកដោយសារជម្លោះខាងលើនេះ។

លោក គ្រីស កេមភីស៊ីហ្ស៊ីនស្គី (Chris Kempczinski) នាយកប្រតិបត្តិក្រុមហ៊ុន McDonald's បាននិយាយថា ផលប៉ះពាល់ខ្លាំងបំផុតដែលក្រុមហ៊ុនរបស់លោកកំពុងប្រឈម គឺស្ថិតនៅតំបន់មជ្ឈិមបូព៌ា និងក្នុងបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម ដូចជានៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។

ជាមួយគ្នានេះ ការលក់របស់ Starbucks' នៅម៉ាឡេស៊ី ក៏បានធ្លាក់ចុះខ្លាំងដែរ។ បច្ចុប្បន្ន Starbucks' នៅក្នុងប្រទេសម៉ាឡេស៊ី មានហាង៤០០កន្លែង និងផ្ដល់ការងារជាង៥ពាន់

កន្លែង។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្កោលទោសម្តងហើយម្តងទៀតចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសនេះ៕