វ៉ាស៊ីនតោន — សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Jersey លោក Bob Menendez និងភរិយារបស់លោកគឺអ្នកស្រី Nadine ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូកជាច្រើនករណី។ នេះបើយោងតាមការចោទប្រកាន់ពីបទពុករលួយមួយដែលត្រូវបានបើកបង្ហាញកាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា កន្លងទៅនេះ។
ការចោទប្រកាន់បានបង្ហាញថាក្នុងការឆែកឆេរគេហដ្ឋានរបស់សមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានរកឃើញដុំមាសនិងប្រាក់សរុបជាទឹកប្រាក់មានតម្លៃរាប់សែនដុល្លារ ដែលទទួលបានដោយវិធីមិនត្រឹមត្រូវ ដែលភាគច្រើនត្រូវបានលាក់ក្នុងសម្លៀកបំពាក់ ក្នុងទូ និងក្នុងប្រអប់ចាក់សោរ។
រដ្ឋអាជ្ញាបានអះអាងថាលោក Menendez បានប្រើប្រាស់អំណាចមិនត្រឹមត្រូវក្នុងនាមជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយដល់ប្រទេសអេហ្ស៊ីប។ ជាថ្នូរនឹងជំនួយនោះ រដ្ឋាភិបាលផ្តាច់ការត្រូវបានចោទប្រកាន់ថាបានបញ្ចូលលុយទៅក្នុងអាជីវកម្មផ្នែកត្រួតពិនិត្យសាច់ហាឡាលដែលគេស្គាល់តិចតួចដែលជាកម្មសិទ្ធិរបស់មិត្តរបស់អ្នកស្រី Menendez ភរិយារបស់លោក Bob Menendez។
នៅខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបានជួបជាមួយតំណាងអេហ្ស៊ីបមួយរូប លោក Menendezបានជំរុញឱ្យអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ចូលរួមពាក់ព័ន្ធបន្ថែមទៀតនៅក្នុងការចរចារវាងអេហ្ស៊ីប អេត្យូពី និងស៊ូដង់ ទាក់ទិននឹងការសាងសង់ទំនប់Grand Ethiopian Renaissance Dam របស់ប្រទេសអេត្យូពីដែលជាក្តីកង្វល់ដ៏ធំសម្រាប់អេហ្ស៊ីប ដែលការបារម្ភនោះគឺការខ្លាចមានការបង្អាក់ដល់ទឹកទន្លេនីល។
រដ្ឋអាជ្ញាបាននិយាយថា លោកMenendez បានសរសេរសំបុត្រមិនបង្ហាញឈ្មោះមួយច្បាប់ទៅកាន់សមាជិកព្រឹទ្ធសភាដើម្បីលើកទឹកចិត្តពួកគេឱ្យផ្តល់ជំនួយ៣០០លានដុល្លារដល់អេហ្ស៊ីប។ ប្រទេសនៅតំបន់អាហ្រ្វិកខាងជើងមួយនេះ មានប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែង ហើយនឹងទទួលបានជំនួយជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលទទួលបានជំនួយច្រើនជាងគេពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
សមាជិកព្រឹទ្ធសភារូបនេះ ក៏ត្រូវបានគេចោទប្រកាន់ផងដែរពីបទបញ្ជូនព័ត៌មានរសើបដល់អ្នកនយោបាយអេហ្ស៊ីបដោយគ្មានការយល់ព្រម។
លោក Menendez បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមអ៊ីមែលថារដ្ឋអា ជ្ញាបានយល់ច្រលំរវាង«ការងារធម្មតារបស់ការិយាល័យសភា» ជាមួយកិច្ចព្រមព្រៀងមិនល្អ។
លោក Menendez នឹងត្រូវលាលែងចេញពីតំណែងជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសដែលនឹងចូលជាធរមានភ្លាមៗ នេះបើយោងតាមក្រមប្រត្តិបត្តិរបស់ ព្រឹទ្ធសភា។ ថាតើមេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោកChuck Schumer នឹងអំពាវនាវឱ្យលោក Menendez លាចេញពីតំណែងជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសឬក៏ថែមទាំងអំពាវនាវឱ្យលោកលះបង់អាសនៈព្រឹទ្ធសភារបស់លោកទៀតនោះគឺនៅមិនទាន់ច្បាស់នៅឡើយទេ។
ដោយឡែក រដ្ឋអាជ្ញានិយាយថាលោក Menendez និងភរិយារបស់លោកបានទទួលប្រាក់សំណូករាប់សែនដុល្លារពីពាណិជ្ជករបីនាក់។
លោក Menendez គឺជាសមាជិកព្រឹទ្ធសភាអាមេរិកដំបូងគេដែលកំពុងកាន់តំណែងត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២ដាច់ដោយឡែកពីគ្នា នេះបើយោងតាមកំណត់ត្រាការិយាល័យប្រវត្តិសាស្ត្រព្រឹទ្ធសភា។
រឿងអាស្រូវពុករលួយថ្មីនេះ កើតឡើង៦ ឆ្នាំ បន្ទាប់ពីចៅក្រមបានបោះបង់ចោលការ ចោទប្រកាន់ថា សមាជិកព្រឹទ្ធសភារូបនេះ បានប្រើអំណាចនយោបាយរបស់លោកដើម្បីជួយគ្រូពេទ្យភ្នែកម្នាក់នៅរដ្ឋFlorida ដែលបានផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍និងអំណោយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។លោក Menendez ត្រូវបានចោទប្រកាន់ពីការអនុញ្ញាតឱ្យមន្ត្រីរដ្ឋាភិបាលដែលមានអំណាចខ្លាំងដោះ ស្រាយបញ្ហាវិក្កយប័ត្រ Medicareដែលលម្អៀងមិត្តភ័ក្ត្ររបស់វេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមការអនុគ្រោះខុសច្បាប់ផ្សេងៗទៀត។
លោក Menendez គឺជាកូនប្រុសរបស់ជនអន្តោប្រវេសន៍គុយបា។ អាជីពនយោបាយជិត៤០ឆ្នាំរបស់លោករួមមានរយៈពេល៦ឆ្នាំជាអភិបាលក្រុង Union City នៃរដ្ឋ New Jerseyអាសនៈនៅក្នុងអង្គនីតិបញ្ញត្តិរដ្ឋ New Jersey និងនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក១៤ឆ្នាំ។ ក្នុងឆ្នាំ២០០៦ លោក Menendez បានទទួលអសនៈព្រឹទ្ធ សភាបន្តពីលោក Jon Corzine នៅពេលដែលលោក Corzine បានលះបង់អសនៈនោះដើម្បីលោកក្លាយជាអភិបាលរដ្ឋ New Jersey៕