(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជំរុញលោក Benjamin Netanyahu នៅថ្ងៃពុធសប្ដាហ៍នេះ ឱ្យអនុវត្តតាមច្បាប់សង្រ្គាម ក្រោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះសន្យាកម្ទេចក្រុមហាម៉ាសទាំងស្រុង ខណៈសង្រ្គាមឈានចូលដល់ថ្ងៃទី៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣។
ប្រធានាធិបតីអាមេរិកវ័យ ៨០ឆ្នាំ ដែលបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង នាវាចម្បាំង និងយន្ដហោះចម្បាំងបន្ថែមទៅក្បែរប្រទេសអ៉ីស្រាអែល ដើម្បី បង្ហាញសាមគ្គីភាព ក៏បានព្រមានផងដែរឱ្យអ៉ីរ៉ង់ដែលជាអ្នកគាំទ្រក្រុមហាម៉ាស ប្រុងប្រយ័ត្នខ្លួន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំសហគមន៍ជនជាតិជី្វហ្វអាមេរិក នៅឯសេតវិមាន លោក បៃដិន បានលើកឡើងថាការវាយប្រហារលើអ៉ីស្រាអែលដែលបានសម្លាប់មនុស្សជាង ១,២០០នាក់ គឺជាថ្ងៃដ៏បង្ហូរឈាមបំផុត ចាប់តាំងពី Holocaust។
ក៏ប៉ុន្តែ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលានេះបាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល លើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា បានកើនដល់ជាង ១,២០០នាក់ហើយ។ លោក បៃដិនបន្ថែមទៀតថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Netanyahu កាលពីថ្ងៃពុធសប្ដាហ៍នេះ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «លោកផ្ទាល់បានស្គាល់លោក Netanyahu ជាង ៤០ឆ្នាំមកហើយ និង មានទំនាក់ទំនងដ៏ស្មោះត្រង់នឹងគ្នា...តែរឿងមួយដែលខ្ញុំបានប្រាប់គាត់ នោះគឺវាពិតជាមានសារៈសំខាន់ណាស់ដែលអ៉ីស្រាអែល ទោះជាមានកំហឹង យ៉ាងក៏ដោយ... ក៏ពួកគេចាំបាច់ត្រូវអនុវត្តតាមច្បាប់សង្រ្គាមដែរ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu នៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាកម្ទេចក្រុមហាម៉ាសទាំងស្រុង។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «សមាជិកក្រុមហាម៉ាសគ្រប់ៗរូបបានក្លាយជាមនុស្សស្លាប់ ទៅហើយ... យើងនឹងកម្ទេចពួកគេ ហើយយើងនឹងកម្ទេចពួកគេ ដូចដែលពិភពលោកបានកម្ទេចពួក ISIS»៕