Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីបានជាប្រទេសអាល្លឺម៉ង់ប្រកែកមិនព្រមទទួលយកការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីតាមបំពង់បង្ហូរ Nord Stream 2 ?

Admin Alynana | Oct 14, 2022
ហេតុអ្វីបានជាប្រទេសអាល្លឺម៉ង់ប្រកែកមិនព្រមទទួលយកការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីតាមបំពង់បង្ហូរ Nord Stream 2 ?
Clinic narith

មេដឹកនាំកំពូលរុស្ស៊ី បានបន្ទន់ឥរិយាបទចំពោះអឺរ៉ុប ដោយចង់ឱ្យតំបន់នេះទទួលយកឧស្ម័នពីប្រទេសខ្លួនឡើងវិញ តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលមិនត្រូវបានទទួលរងការខូចខាត។ ប៉ុន្តែបំណងនេះ ត្រូវបានបងធំអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ បដិសេធមិនព្រមទទួលយកឡើយ ដោយសារការបាត់បង់ទំនុកចិត្ត ហើយវាក៏ជាចំណុចសំខាន់មួយនៅក្នុងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងក្នុងវេទិកាថាមពលមួយនៅទីក្រុងមូស្គូកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា បំពង់បង្ហូរឧស្ម័នមួយក្នុងចំណោមពីរ គឺនៅអាចប្រើប្រាស់បាន ដើម្បីបញ្ជូនទៅសហភាពអឺរ៉ុប ដែលភ្ជាប់ជាមួយប្រទេសអាល្លឺម៉ង់ក្រោមសមុទ្របាល់ទិច បើទោះបីជាបំពង់មួយទៀត ត្រូវបានលេចធ្លាយកាលពីខែមុនក៏ដោយ។

លោក ពូទីន បន្តថា ប្រសិនបើបំពង់បង្ហូរ Nord Stream 2 នេះ ត្រូវបានត្រួតពិនិត្យឃើញថា មានសុវត្ថិភាពក្នុងការប្រតិបត្តិការ គឺរុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើប្រាស់វាបង្ហូរឧស្ម័នទៅអឺរ៉ុបតែម្តង ខណៈដែលវាមានសមត្ថភាពបញ្ជូនឧស្ម័នបាន ២៧ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។

ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារលើបំពង់ Nord Stream 1 និង Nord Stream 2 ត្រូវបានប្រធាធិបតីរុស្ស៊ីរូបនេះ ចោទអាមេរិកដោយគ្មានភស្តុតាងថា ជាអ្នកនៅពីក្រោយ។ លោកថា អាមេរិកចង់បង្ខំឱ្យអឺរ៉ុប ងាកចេញពីការទិញថាមពលតម្លៃទាបពីរុស្ស៊ី ទៅស្វែងរកប្រភពថាមពលដែលមានតម្លៃថ្លៃវិញ។

សូមរំលឹកថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ត្រូវបានអាល្លឺម៉ង់បិទខ្ទប់មិនឱ្យហូរចូលអឺរ៉ុបតាំងពីចុងខែកុម្ភៈមក ពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមនៅទឹកដីភាគខាងកើតអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី។

ឆ្លើយតបនឹងបំណងមេដឹកនាំរុស្ស៊ីខាងលើនេះអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី Christiane Hoffman បានប្រាប់អ្នកកាសែតនៅទីក្រុងប៊ែរឡាំងថា ប្រទេសរុស្ស៊ីមិនមែនជាអ្នកផ្គត់ផ្គង់ថាមពល ដែលអាចជឿជាក់បានទៀតឡើយ ពោលគឺតាំងពីនៅមុនពេលការលេចធ្លាយបំពង់ Nord Stream 1 ទៅទៀត គឺមិនមានការបង្ហូរឧស្ម័នអ្វីសោះឡើយ។ ក្នុងន័យនេះ លោកស្រីជឿជាក់ថា ការនិយាយថា នឹងបញ្ជូនឧស្ម័នតាម Nord Stream 2 ពីមាត់លោកពូទីននោះ គឺគ្មានអ្វីទុកចិត្តបានទេ។

សូមជម្រាបថា រុស្ស៊ី បានផ្អាកការផ្គត់ផ្គង់ឧស្ម័នតាម Nord Stream 1 តាំងពីដើមខែកញ្ញាមក ដោយលើកហេតុផលបញ្ហាបច្ចេកទេសបណ្តាលមកពីទណ្ឌកម្មរបស់លោកខាងលិច។

ជុំវិញការខូចខាតបំពង់ Nord Stream នេះ ត្រូវបានលោក Alexei Miller ប្រធានក្រុមហ៊ុនថាមពល Gazprom បញ្ជាក់វេទិកាមួយ កាលពីដើមសប្ដាហ៍នេះថា វាត្រូវការរយៈពេលយ៉ាងហោចណាស់ ១ឆ្នាំក្នុងការជួសជុលបំពង់បង្ហូរនេះ។ លោកក៏បានចោទសួរដែរថា តើសហភាពអឺរ៉ុប ក្នុងរដូវរងាខាងមុខ នឹងរស់នៅយ៉ាងដូចម្តេច ពេលគ្មានឧស្ម័នប្រើប្រាស់គ្រប់គ្រាន់នោះ?

អឺរ៉ុប ពេលនេះ បាននិងកំពុងស្វះស្វែងយ៉ាងខ្លាំងក្នុងការដោះស្រាយវិបត្តិថាមពល ដោយសម្ដៅ រកប្រភពឧស្ម័នពីប្រទេស ឬតំបន់ផ្សេង ជំនួសឧស្ម័នរុស្ស៊ី ហើយថ្មីៗនេះ អឺរ៉ុបក៏បានងាកទៅរកការទិញឧស្ម័នពីអាហ្វ្រិកកាន់តែខ្លាំងដែរ ប៉ុន្ដែ វានៅតែមានចំនួនចតិចតួចនៅឡើយ៕