កម្ពុជាបានរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៧នៅថ្ងៃសៅរ៍នេះ ដោយមានការចូលរួមពីវិទ្យាស្ថានបច្ចេកវិទ្យាចំនួន៦ ដែលមានបេក្ខជនសរុប៨២នាក់ បែងចែកជា១០ក្រុម។ ជាការកត់សម្គាល់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាហៅកាត់ថា(NPIC)នៅតែរក្សាតំណែងលេខ១ ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នារាប់ចាប់តាំងពីការប្រកួតបានរៀបចំឡើងនៅក្នុងឆ្នាំ២០១៣។ តំណាងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាបានអះអាងថា កម្លាំងសាមគ្គីជាចំណែកមួយដ៏សំខាន់ធ្វើឲ្យ NPIC នៅតែរក្សាតំណែងលេខ១ យ៉ាងដូច្នេះ។
«យើងបានស្វែងរកឃើញហើយ ក្រុមដែលក្លាយជាជើងឯកលេខ១ រ៉ូបូតបាល់ឱប នៅឆ្នាំ២០២០នេះ បានទៅលើក្រុម NPIC 02»នេះជាសំឡេងជ័យឃោសស្រែកឭកងរំពងពេញសាលដំបូលទូក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីដែលរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៧។ នៅទីនេះមានការចូលរួមពីមនុស្សម្នា អ្នកមុខអ្នកការមិនក្រោម៥០០នាក់ឡើយ។
អ្វីជាការកត់សម្គាល់ លក្ខណៈទំនើបនៃរ៉ូបូតបាល់ឱបនីមួយៗ មានភាពរហ័សរហួនដោយមានការជ្រោមជ្រែងពីមនុស្សមានគ្នា៣នាក់ក្នុងមួយក្រុម។ ហើយរបូតទាំង១០ក្រុមមានសមត្ថភាពដូចគ្នា បោះបាល់ ចាប់បាល់ ទាត់បាល់ និងស៊ុតបញ្ចូលទី តាមរយៈចុចបញ្ជារបស់ក្រុមនីមួយៗ តំណាងដោយអាវព័ណ៌ក្រហមនិងខៀវ។ តែដោយហេតុថា រ៉ូបូតបាល់ឱបរបស់ NPIC មានភាពរហ័សជាងគេនិងស៊ុតបញ្ចូលទីបានលឿននៅទឹកចុងក្រោយ ទើបទទួលបានតំណែងលេខ១។
លោក មួង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា ជ័យជំនះផ្ទួនៗ៦ឆ្នាំជាប់គ្នារបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កើតមានឡើងដោយសារកិច្ចសហការរួមគ្នារវាងគ្រូបង្គោលនិងបេក្ខជន។ អ្វីដែលសំខាន់នោះគឺបេក្ខជនបានរួមសាមគ្គីគ្នាជាធ្លុងមួយស្រាវជ្រាវលើរូបមន្តនិងធាតុផ្សំដើម្បីធ្វើការបង្គុំរ៉ូបូតបាល់ឱបនេះឡើង។ បើតាមលោក មួង ផាស៊ី ដើម្បីបង្គុំរ៉ូបូតបាល់ឱបមួយបាន បេក្ខជនត្រូវពូកែលើមុខគណិតវិទ្យា រៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ និងចេះសសេរកម្មវិធីអាយធីជាដើម។
ត្បិតតែឈ្នះគូប្រកួតក្នុងស្រុកនៅមិនទាន់ចាត់ទុកថា ជារឿងអស្ចារ្យឡើយ ជំហររបស់ NPIC ខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីត្រៀមខ្លួនទៅប្រកួតរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសហ្វីជីនាថ្ងៃខាងមុខ។កន្លងមក NPICតំណាងឲ្យប្រទេសកម្ពុជាបានទៅចូលរួមប្រកួតនៅប្រទេសជប៉ុន និងម៉ុងហ្គោលីជាដើម។ នៅប្រទេសជប៉ុនកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសសរុប២០ក្នុងឆ្នាំ២០១៧។ ចំណែកនៅប្រទេសម៉ុងហ្គោលី កម្ពុជាត្បិតមិនទទួលបានចំណាត់ថ្នាក់ តែកម្ពុជាទទួលបានពានរង្វាន់លើកទឹកចិត្តមួយចំនួន។
សូមជម្រាបជូនថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាហៅកាត់ថា(NPIC)ទទួលបានលេខ១ ក្នុងចំណោមវិទ្យាស្ថានចំនួន៥ផ្សេងទៀតដែលចូលរួមប្រកួតរួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងសកលវិទ្យាល័យភ្នំពេញ៕