(អ៊ុយក្រែន)៖ កំពង់ផែ Odesa របស់ប្រទេសអ៊ុយក្រែនបានផ្អាកដំណើរការកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារចុងក្រោយរបស់រុស្ស៊ីលើប្រព័ន្ធថាមពលក្នុងតំបន់។ យោងតាមលោក Mykola Solsky រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយថា ពាណិជ្ជករគ្រាប់ធញ្ញជាតិមិនត្រូវបានគេរំពឹងថានឹងបញ្ឈប់ការនាំចេញនោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថាវាបានកើតឡើង ខណៈប្រជាជនជាង ១,៥លាននាក់នៅទីក្រុង Odesa ភាគខាងត្បូងគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីបានវាយប្រហារលើរោងចក្រថាមពលចំនួនពីរកន្លែង។ ពាណិជ្ជករគ្រាប់ធញ្ញជាតិបានបន្តការដឹកជញ្ជូនតាមរយៈកំពង់ផែពីរផ្សេងទៀត។ ចាប់តាំងពីខែតុលាមក ទីក្រុងមូស្គូបានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយការបាញ់មីស៊ីល និងប្រើប្រាស់យានដ្រូនវាយប្រហារជាបន្តបន្ទាប់។
អាជ្ញាធរតំបន់ក្នុងទីក្រុង Odesa និយាយថា អគ្គិសនីសម្រាប់ប្រជាជនក្នុងទីក្រុងនេះនឹងត្រូវបានស្តារឡើងវិញជាបណ្តើរៗ ខណៈការស្តារឡើងវិញបណ្តាញពេញលេញអាចចំណាយពេលពី ២ ទៅ ៣ខែ។ អ៊ុយក្រែនស្ថិតក្នុងចំណោមប្រទេសផលិត និងនាំចេញពោត និងស្រូវសាលីធំបំផុតរបស់ពិភពលោក ប៉ុន្តែការនាំចេញរបស់ប្រទេសនេះបានធ្លាក់ចុះខ្លាំងដោយសារតែការវាយលុករបស់រុស្ស៊ី៕