ទូរសព្ទ Oppo បានវ៉ាដាច់ទូរសព្ទ Samsung ជាលើកដំបូងមិនធ្លាប់មានពីមុនមកក្នុងការដណ្តើមតំណែងកំពូលនៅក្នុងទីផ្សារស្មាតហ្វូន នៅប្រទេសវៀតណាម ក្នុងត្រីមាសទីពីរជាមួយនឹងការលក់កើនឡើងជាង១០០% ខណៈដែលការលក់របស់ទូរសព្ទ Samsung មានចំនួនតែជាង២០%ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ក្រុមហ៊ុនវិភាគទីផ្សារ Canalys បានបង្ហាញថា ការលក់ទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Oppo បានកើនឡើង១១០% នៅត្រីមាសទី២ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយជួយឱ្យក្រុមហ៊ុននេះដណ្តើមបានចំណែកទីផ្សាររហូតដល់២៧% និងបានវ៉ាដាច់ទូរសព្ទរបស់ក្រុមហ៊ុន Samsung ក្លាយជាទូរសព្ទលក់ដាច់ជាងគេនៅលើទីផ្សារស្វាតហ្វូនរបស់វៀតណាម។ ក្នុងនោះទូរសព្ទរបស់ក្រុមហ៊ុន Samsung មានចំណែកទីផ្សារនៅវៀតណាម ចំនួន២១% ហើយទូរសព្ទ Xiaomi មាន២០% ទូរសព្ទរបស់ក្រុមហ៊ុន Apple មាន១៦% និងទូរសព្ទចិន Vivo មាន៦%។
ក្រុមហ៊ុន Samsung បានឈានមុខគេលើទីផ្សារវៀតណាម ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ក្រុមហ៊ុននេះ មានចំណែកទីផ្សារ២៨% បន្ទាប់មកក្រុមហ៊ុន Xiaomi មាន១៩%។
បើទោះជាពេលនេះ ក្រុមហ៊ុន Oppo បានវ៉ាដាច់ក្រុមហ៊ុន Samsung នៅលើទីផ្សារវៀតណាម ក៏ពិតមែន ប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលក្រុមហ៊ុន Samsung នៅតែនាំមុខក្រុមហ៊ុន Oppo ដដែល។ បើតាមក្រុមហ៊ុនវិភាគទីផ្សារ Canalys បានបង្ហាញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung នៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលបានកើនឡើង១៤% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡើងដល់ជិត២៤លានគ្រឿង៕